ក្រុមការពារជើងឯក Bayern Munich ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការផ្តល់ជូនដ៏ធំមួយ សម្រាប់ខ្សែការពារ Ronald Araujo របស់ក្លិប Barcelona ក្នុងអំឡុងទីផ្សារដោះដូរនាពេលបច្ចុប្បន្ននេះ។
បើតាមសារព័ត៌មានអេស្ប៉ាញ Sport បានរាយការណ៍ ថាអ្នកចាត់ការទូទៅរបស់ក្លិប Bayern Munich លោក Thomas Tuchel គឺជាអ្នកគាំទ្រដ៏ពេញទំហឹងមួយរបស់ Araujo ហើយចង់បានរូបគេមកលេងនៅក្នុងទឹកដី Allianz Arena ។
ប្រភពដដែលនេះ បានអះអាងទៀតថាក្លិប Bayern ក៏បានត្រៀមខ្លួនរួចរាល់ផងដែរ ក្នុងការចំណាយដ៏ច្រើនមួយ សម្រាប់ការចុះហត្ថលេខាលើកីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះ ជាមួយនឹងការផ្តល់ជូនប្រាក់ឈ្នួលទ្វេដង ពីចំនួនដែលគេកំពុងទទួលបាននៅក្នុងក្លិប Barca បច្ចុប្បន្ន។
តែទោះបីជាយ៉ាងណាក៏ដោយ Araujo ហាក់មិនចាប់អារម្មណ៍ក្នុងការចាកចេញពី Barca នោះទេ ដោយប្រភពខាងលើបានបន្ថែមទៀតថានេះមិនមែនជាលើកទីមួយទេ ដែលខ្សែការពាររូបនេះ បានបដិសេធការផ្តល់ជូនដ៏ធំពីសំណាក់ក្លិបផ្សេងៗ ដើម្បីបន្តលេងនៅទឹកដី Camp Nou បន្តទៀត៕