ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបណ្តេញអ្នកចាត់ការក្រុមលោក Mauricio Pochettino ចេញពីតំណែង ប្រសិនបើក្លិបបាត់បង់ឱកាសក្នុងការលេងនៅពានរង្វាន់អឺរ៉ុប រដូវកាលក្រោយ។
ជាក់ស្តែង អតីតគ្រូបង្វឹកក្រុម Tottenham Hotspur រូបនេះ បានធ្វើការផ្លាស់ប្តូរមកកាន់កីឡដ្ឋាន Stamford Bridge នៅរដូវក្តៅនេះ ក្នុងគោលបំណងស្រោចស្រង់ក្រុមតោខៀវឡើងវិញ បន្ទាប់ពីមានលទ្ធផលក្នុងលីគដ៏អាក្រក់បំផុតរបស់ពួកគេ ក្រោមការដឹកនាំរបស់អ្នកចាត់ការមុន។
តែទោះជាយ៉ាងណាក៏ដោយ យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា Chelsea មិនមានគម្រោងភ្លាមៗក្នុងការបណ្តេញលោក Pochettino ចេញនោះទេ ក្រោយទើបដឹកនាំក្រុមបានត្រឹមពាក់កណ្តាលរដូវកាលនេះ។
ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានគេយល់ថាក្រុមតោខៀវ មានឆន្ទៈក្នុងការចែកផ្លូវជាមួយបុរសសញ្ជាតិអាហ្សង់ទីន ប្រសិនបើគាត់បរាជ័យក្នុងការដឹកនាំក្រុមទៅលេងនៅពានរង្វាន់អឺរ៉ុបណាមួយ នៅរដូវកាលនេះនោះ។
ជម្រាបជូនផងដែរថា ក្រុមរបស់លោក Pochettino បច្ចុប្បន្នកំពុងឈរចំណាត់ថ្នាក់លេខ១០ ក្នុងតារាង Premier League ក្រោយឆ្លងកាត់ ២០ ប្រកួត និងមាន ៣ ពិន្ទុតាមពីក្រោយ Brighton & Hove Albion ដែលស្ថិតនៅចំណាត់លេខ ៧ និងជាទីតាំងដើម្បីធានាបាននូវការទៅលេងពានរង្វាន់ Europa Conference League ៕