លោក Ally McCoist បានចាត់ទុក Moises Caicedo ជាកីឡាករដែលផ្ទេរអន់បំផុតប្រចាំរដូវកាល បន្ទាប់ពីគេបានផ្លាស់ទៅចូលរួម Chelsea អំឡុងទីផ្សាររដូវក្ដៅ ឆ្នាំ២០២៣។
ខ្សែបម្រើរបស់ក្រុមតោខៀវរូបនេះ ត្រូវបានអ្នកទស្សនាការប្រកួតទល់នឹង Liverpool នៅកីឡដ្ឋាន Anfield ស្រែកចំអក បន្ទាប់ពីគេបោះបង់ឱកាសក្នុងការចូលរួមក្រុមហង្សក្រហម ហើយផ្លាស់ទៅទឹកដី Stamford Bridge ក្នុងតម្លៃ១១៥លានផោន កាលពីខែសីហា។
ឆ្លើយតបនឹងការលើកឡើងថា អ្នកចាំទី Andre Onana របស់ Man Utd ជាកីឡាករដែលផ្ទេរអន់បំផុតប្រចាំរដូវកាល លោក McCoist បាននិយាយថា៖ “គេគ្មានអ្វីដែលដូចដែលគ្រប់គ្នារំពឹងទុកនោះទេ ប៉ុន្ដែខ្ញុំប្រហែលមិនគិតថា គេជាកីឡាករធ្លាក់កូដប្រចាំរដូវកាលឡើយ”។
នៅពេលនិយាយអំពី Caicedo វីរបុរសបាល់ទាត់ស្កុតឡែនរូបនេះ និយាយថា៖ “ខ្ញុំត្រូវតែនិយាយ ខ្ញុំឃើញគេពីរលើក ជាក់ស្ដែងនៅ Old Trafford ឃើញគេជាមួយ Enzo Fernandez, និយាយដោយស្មោះត្រង់ទៅ ពួកគេទាំងពីរ មានតម្លៃ២៥០លានផោន។ សូមនិយាយដោយស្មោះត្រង់ចុះ Caicedo ប្រហែលជាទទួលបានការបោះឆ្នោតពីខ្ញុំ មុន Onana”៕