នាយកផ្នែកកីឡារបស់ក្លិប Barcelona លោក Deco បានចេញមុខនិយាយកោតសរសើរចំៗទៅលើអ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Jurgen Klopp ថាជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ ចំពេលក្លិបកំពុងស្វែងរកអ្នកមកជំនួសតំណែងរបស់ Xavi។
ជាក់ស្តែង កាលពីខែមុន Xavi បានប្រកាសជាផ្លូវការរួចហើយថាលោកនឹងដើរចេញពីតំណែងជាគ្រូបង្វឹករបស់ក្លិប Barcelona នៅចុងបញ្ចប់រដូវកាលនេះ ខណ:នេះហាក់បានទុកពេលឲ្យក្លិបសល់ពេលច្រើន ដើម្បីស្វែងរកអ្នកថ្មីមកជំនួសវិញ។
ទន្ទឹមជាមួយគ្នានេះ លោក Klopp ក៏បានធ្វើការបញ្ជាក់យ៉ាងច្បាស់ផងដែរថា លោកនឹងចាកចេញពីក្លិប Liverpool នៅរដូវក្តៅខាងមុខនេះដូចគ្នា បន្ទាប់ពីចាយពេលអស់រយ:ពេល ៩ឆ្នាំនៅទឹកដី Anfield។
យ៉ាងណាមិញ នៅពេលត្រូវបានសួរអំពីការផ្លាស់ប្តូរដែលអាចកើតមានណាមួយ សម្រាប់អ្នកចាត់ការក្រុម Liverpool លោក Deco បានប្រាប់ La Vanguardia ថា ៖“គាត់ជាគ្រូបង្វឹកដ៏អស្ចារ្យ ប៉ុន្តែខ្ញុំគិតថាវាមិនមែនជាពេលវេលាត្រឹមត្រូវដើម្បីនិយាយអំពីរឿងទាំងនេះទេ។ គ្រូបង្វឹកថ្មីនឹងចង់ធ្វើការផ្លាស់ប្តូរ ប៉ុន្តែដំបូងយើងត្រូវពន្យល់ពីគម្រោង និងគំនិតរបស់យើងដល់ពួកគេជាមុនសិន។ ហើយបច្ចុប្បន្នយើងកំពុងមានជម្រើសជាច្រើន“៕