ថ្នាក់ដឹកនាំរបស់ក្លិប West Ham ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា បានផ្អាកការចរចាជុំវិញការបន្តកុងត្រាថ្មីបន្ថែមទៀត ជូនដល់អ្នកចាត់ការក្រុម លោក David Moyes បន្ទាប់ពីការប្រកួតចាញ់ដោយលទ្ធផល ៦–០ ក្រោមថ្វីជើង Arsenal។
ជាក់ស្តែង កិច្ចសន្យាបច្ចុប្បន្នរបស់លោក Moyes នឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះហើយ ខណ:កន្លងមកមានរបាយការណ៍ជាច្រើនថា លោកកំពុងស្ថិតនៅក្នុងការចរចាលើការបន្តកុងត្រាថ្មី ដែលអាចដំណើរការរហូតដល់ឆ្នាំ ២០២៦។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាម Telegraph ថ្មីៗនេះ បានរាយការណ៍មកថា កិច្ចពិភាក្សាទាំងនោះ ហាក់ដូចជាស្ងប់ស្ងាត់វិញហើយ ដោយសារតែការបរាជ័យយ៉ាងអាម៉ាស់របស់ក្រុម កាលពីពេលថ្មីៗនេះ។
ប្រភពដដែលនេះ បានអះអាងទៀតថា ថ្នាក់ដឹកនាំរបស់ក្លិប West Ham ឥឡូវនេះ ត្រូវបានគេនិយាយថា ពួកគេហាក់កំពុងត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចែកផ្លូវជាមួយលោក Moyes នៅពេលដែលអ្នកចាត់ការកំពូលៗមួយចំនួន ហាក់ចាប់អារម្មណ៍ក្នុងការមកដឹកនាំក្រុម ជំនួសវិញ៕