ក្លឹបយក្សនៅអង់គ្លេសដូចជា Manchester City, Liverpool រួមជាមួយក្លឹបអេស្ប៉ាញ Barcelona ត្រូវបានរាយការណ៍កំពុងប្រជែងក្នុងការនាំយក ខ្សែប្រយុទ្ធកំពុងឡើងកូដ Benjamin Sesko។
កិច្ចសន្យារបស់ខ្សែប្រយុទ្ធវ័យ២០ឆ្នាំ របស់ RB Leipzig មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៨ ប៉ុន្ដែមានលក្ខខណ្ឌចាកចេញ ក្នុងតម្លៃ៥០លានអឺរ៉ូ នាទីផ្សាររដូវក្ដៅខាងមុខ នេះបើយោងតាមប្រភពពីសារព័ត៌មាន Bild។
ទោះបីជាចាប់ផ្ដើមរាងយឺត នាដើមរដូវកាល ប៉ុន្ដែ Sesko សម្របខ្លួនបានយ៉ាងល្អនៅអាល្លឺម៉ង់ ជាពិសេស៣ប្រកួតចុងក្រោយនៅ Bundesliga ហើយគេក៏មានឱកាសស៊ុតច្រើនផងដែរ ពេលលេងទល់ Real Madrid នៅ Champions League។
ក្រុមការងារតាមដានកីឡាកររបស់ក្លឹប Liverpool, Man City និង Barcelona ជឿជាក់ថា នៅពេលដែល Sesko មានស្ថេរភាពក្នុងការរកគ្រាប់បាល់នៅក្នុងពានក្នុងស្រុក និងពានអឺរ៉ុប គេអាចនឹងក្លាយជាខ្សែប្រយុទ្ធដ៏មុតស្រួចបំផុតមួយរូបនាពេលខាងមុខ។
Sesko អាចប្រឈមនឹងការប្រកួតប្រជែងខ្ពស់ ក្នុងការចូលរួមក្លឹបដូចជា Liverpool និង Man City ដោយសារពួកគេមានខ្សែប្រយុទ្ធលំដាប់ខ្ពស់ដូចជា Darwin Nunez និង Erling Haaland ជាដើម។ ប៉ុន្ដែបើនៅអេស្ប៉ាញវិញ, គេអាចមានឱកាសច្រើន ហើយអាចជាអ្នកទៅជំនួសកន្លែងរបស់ខ្សែប្រយុទ្ធចាស់វស្សា Robert Lewandowski ក៏ថាបាន៕