ការទិញយកភាគហ៊ុន ២៥ភាគរយ របស់មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe របស់ Manchester United នៃក្របខណ្ឌ Premier League ត្រូវបានបញ្ចប់ជាស្ថាពរ និងទទួលបានផ្លែផ្កាហើយ។
កិច្ចព្រមព្រៀងនេះមានតម្លៃ ១,២៥ ពាន់លានដុល្លារ ដែលប្រធានសាជីវកម្ម INEOS បានចំណាយហើយលោក ក៏នឹងវិនិយោគ ៣០០លានដុល្លារទៀត ទៅក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់ក្លិប និងទទួលបន្ទុកប្រតិបត្តិការបាល់ទាត់របស់ក្លិបរហស្សនាមបិសាចក្រហម។
ក្រោយទទួលបានជោគជ័យក្នុងការក្លាយជាម្ចាស់ភាគហ៊ុនមួយចំណែករបស់ក្លិប Man UTD លោក Ratcliffe បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ការក្លាយជាសហម្ចាស់ក្លិប Man UTD គឺជាកិត្តិយសដ៏អស្ចារ្យមួយ ហើយមកជាមួយនឹងការទទួលខុសត្រូវដ៏ធំ។ នេះជាសញ្ញាល្អ ប៉ុន្តែវាគ្រាន់តែជាការចាប់ផ្តើមនៃដំណើររបស់យើងដើម្បីនាំ Man UTD ត្រឡប់ទៅកាន់លំដាប់កំពូលនៃបាល់ទាត់អង់គ្លេស អឺរ៉ុប និងពិភពលោកវិញ ជាមួយ អ្នកគាំទ្ររបស់យើង។ ការងារដើម្បីសម្រេចគោលបំណង នឹងពន្លឿនចាប់ពីថ្ងៃនេះតទៅ។”
មុនក្លាយជាសហម្ចាស់ក្លិប Man UTD លោក Jim Ratcliffe បានប្រឈមមុខនឹងឧបសគ្គជាច្រើន រួមទាំងការយល់ព្រមពី Premier League ដែលត្រូវបានផ្តល់អោយកាលពីសប្តាហ៍មុន។
គ្រួសារសេដ្ឋីអាមេរិក Glazer បានកាន់កាប់ Man UTD តាំងពីឆ្នាំ ២០០៥ ដោយពួកគេនៅតែបន្តរក្សាភាគហ៊ុនភាគច្រើននៅក្នុងក្លិប ប៉ុន្តែ Ineos Group របស់លោក Ratcliffe នឹងគ្រប់គ្រងប្រតិបត្តិការបាល់ទាត់។
លោក Ratcliffe បានយល់ព្រមទិញភាគហ៊ុន ២៥ភាគរយ នៃភាគហ៊ុនកម្រិត B របស់ក្លិប ដែលភាគច្រើនកាន់កាប់ដោយគ្រួសារ Glazer ដែលមានសិទ្ធិបោះឆ្នោតស្ទើរតែទាំងអស់ និងរហូតដល់ ២៥ភាគរយ នៃភាគហ៊ុនកម្រិត A របស់ខ្លួនដែលត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនញូវយ៉ក។
លោក Ratcliffe វ័យ ៧១ ឆ្នាំដែលជាអ្នកគាំទ្រ Man UTD ជាយូរមកហើយនោះ បានប្រាប់អ្នកសារព័ត៌មាននាពេលថ្មីៗនេះថា ភាពជាម្ចាស់នៅក្នុងក្លិបគឺជាការខិតខំប្រឹងប្រែងដ៏រំភើបបំផុតនៃជីវិតរបស់លោក៕