អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta ច្បាស់ណាស់នឹងចាកចេញពីក្លិបបច្ចុប្បន្នរបស់គាត់ភ្លាម ប្រសិនណាបើទទួលបានសំណើផ្តល់ជូនពីសំណាក់ក្លិបបិសាចក្រហម Manchester United នៅរដូវក្តៅខាងមុខនោះ។
ជាក់ស្តែងនេះ បើតាមការលើកឡើងរបស់អតីតខ្សែការពារ លោក Rio Ferdinand ដែលបានអះអាងថាគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំរូបនេះ នឹងមិនអាចបដិសេធឱកាសក្នុងការផ្ទេរទៅកាន់ទឹកដី Old Trafford នោះឡើយ ប្រសិនបើសំណើផ្តល់ជូនបែបនេះមកដល់នោះ។
ជាការពិតណាស់ កេរ្តិ៍ឈ្មោះរបស់លោក Arteta បានកើនឡើងយ៉ាងខ្លាំង នៅក្នុងក្របខ័ណ្ឌ Premier League ពោលគឺចាប់តាំងពីគាត់បានចូលមកដឹកនាំក្រុម Arsenal ក្នុងឆ្នាំ ២០១៩មក ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Ferdinand ជៀជាក់ថាអ្វីៗទាំងអស់នេះ នឹងមិនអាចគ្រប់គ្រាន់ក្នុងការរក្សាឲ្យបុរសសញ្ជាតិអេស្ប៉ាញរូបនេះ បន្តនៅក្លិបបានយូរនោះឡើយ បើសិន Man Utd ទាក់ទងមកគាត់នោះ។
លើសពីនេះ អតីតប្រធានក្រុមអង់គ្លេសរូបនេះ បាននិយាយទៀតថា ៖ ” ១០០% Arteta នឹងចាកចេញពី Arsenal ដើម្បីមក Man United ។ ក្រឡេងមើល Ten Hag ចុះគាត់ធ្លាប់ត្រូវបានក្លិបកំពូលដូចជា Bayern ចង់បាន តែចុងក្រោយគាត់នៅតែមកទីនេះ“៕