ក្លឹបធំៗជាច្រើន ជាពិសេសគឺអធិរាជស Real Madrid ល្ហិចល្ហៀងចង់បានតារាឆ្នើម Alphonso Davies ពីក្លឹប Bayern Munich ហើយឥឡូវតាមដំណឹងចុងក្រោយក្លឹបមេស្ថិតក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ហាក់ព្រមបើកភ្លើងខៀវ ក៏មានបញ្ចេញទាំងតម្លៃចរចាមកទៀតផង។
នេះខ្សែការពារស្លាបឆ្វេង សញ្ជាតិកាណាដា ត្រូវបាន Bayern ដាក់តម្លៃ ៧០ លានអឺរ៉ូ ដែលវាជាតួលេខខ្ពស់គួរសម សម្រាប់លំដាប់ការពារស្លាបនៅលីគកំពូលអឺរ៉ុបសព្វថ្ងៃ។ បើតាមសារព័ត៌មាន Bild បានចុះផ្សាយ។
តួលេខនេះ វាពុំមែនជាអ្វីដែល Madrid ហ៊ានលូកនោះទេ ត្រង់ពួកគេគិតត្រឹម ៣០ ទៅ ៣៥ លានអឺរ៉ូប៉ុណ្ណោះ ពោលចង់ទទួលបានការបញ្ចុះដល់ល្បាក់ ៤៥ លានអឺរ៉ូ ជាការចរចាខ្ពស់មែនទែន។ ប្រសិនណាចរចាមិនត្រូវខាងស្តេចស ប្រហែលបង្វែរការសម្លឹងទៅគោលដៅផ្សេងក៏អាចមាន Achraf Hakimi របស់ក្លឹបបារាំង Paris Saint-Germain។
រំឭកអំពីកីឡាករវ័យ ២៣ ឆ្នាំរបស់ Bayern បន្តិច កាលក្លឹបទិញចូលនោះ ចាយអស់តែ ១៤ លានអឺរ៉ូប៉ុណ្ណោះពីក្លឹបអាមេរិក Vancouver ម្ល៉េះហៅជាការវិនិយោគត្រូវ រំពឹងអាចកើបផលចំណេញយ៉ាងតូចក៏មួយគុណជាបីដែរសម្រាប់ការផ្ទេរគេចេញ។ ស្ថិតិរដូវកាល ២០២៣/២៤ កីឡាករបង្ហាញខ្លួនសរុប ២៨ ប្រកួត ក៏អាចរកបាន ១ គ្រាប់និង Assist ៣ លើក៕