ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការបង្កើនតម្លៃសំណើផ្តល់ជូនបន្ថែម ដើម្បីចុះហត្ថលេខាលើខ្សែការពារ Alphonso Davies របស់ក្លិប Bayern Munich។
ជាក់ស្តែង ក្លិប Bayern នៅតែរក្សាជំហររបស់ខ្លួន ក្នុងការរក្សាទុន Davies ឲ្យស្នាក់នៅក្លិបបន្តទៀត ប៉ុន្តែទោះជាយ៉ាងណា វាហាក់មានភាពលំបាក ដោយសារតែកុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ ២៣ឆ្នាំនៅសល់តិចជាង ១៨ខែទៀតប៉ុណ្ណោះ។
ជុំវិញស្ថានភាពនេះ មានន័យថាក្លិប Bayern នឹងមិនប្រថុយជាមួយនឹងការបាត់បង់ Davies ទៅដោយគ្មានតម្លៃខ្លួននោះឡើយ ដូច្នេះហើយទើបមានរបាយការណ៍ថ្មីៗនេះ បានអះអាងថាក្លិបយក្សអាល្លឺម៉ង់នឹងយល់ព្រមលក់គេចេញ ប្រសិនបើទទួលបានសំណើសមរម្យណាមួយ នៅរដូវក្តៅខាងមុខនោះ។
ហើយឥឡូវនេះ បើយោងតាម Cadena Ser ក្លិប Madrid បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការដំឡើងសំណើផ្តល់ជូនរបស់ពួកគេ ដល់ចំនួន ៥០លានអឺរ៉ូ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូល Bayern ឱ្យលក់តារាឆ្នើមសញ្ជាតិកាណាដារូបនេះ មកឲ្យពួកគេ៕