ឪពុករបស់កីឡាករ Khvicha Kvaratskhelia ថ្មីៗនេះ បានបញ្ជាក់យ៉ាងច្បាស់លាស់ជុំវិញការរំពឹងទុកទាក់ទងទៅនឹងអនាគតកូនប្រុសរបស់ខ្លួន ដោយលើកឡើងថាលោកនឹងភ្ញាក់ផ្អើលខ្លាំង ប្រសិនបើគេចាកចេញពីក្លិ្ប Napoli នៅរដូវក្តៅខាងមុខនេះនោះ។
នៅពេលដែល Napoli បានធ្វើការសម្រេចចិត្តក្នុងការចុះហត្ថលេខាលើ Kvaratskhelia ពីក្លិប Dinamo Butami កីឡាករវ័យ ២២ឆ្នាំរូបនេះ បានបង្ហាញពីភាពលេចធ្លោយ៉ាងខ្លាំង និងថែមទាំងបានរួមចំណែកជួយក្រុមរបស់ខ្លួនឲ្យឈ្នះពានរង្វាន់លីគ កាលពីរដូវកាលមុនផងដែរ។
ជុំវិញសមត្ថភាពដ៏លេចធ្លោនេះ បានធ្វើឲ្យទាំងក្លិប Real Madrid និង Barcelona រួមទាំងក្រុមមួយចំនួនៅ Premier League ត្រួវបានគេរាយការណ៍ថាកំពុងតាមដានលើស្ថានភាពរបស់ Kvaratskhelia បើទោះបីជាគេនៅមានកិច្ចសន្យារហូតដល់ឆ្នាំ២០២៧ ជាមួយក្លិបអ៊ីតាលី ក៏ដោយ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឪពុករបស់ Kvaratskhelia គឺលោក Badri ថ្មីៗនេះ បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា កូនប្រុសរបស់ខ្លួននឹងមិនចាកចេញទៅណានោះឡើយ ពោលគឺចង់ឲ្យគេបន្តអាជីពជាមួយ Napoli ក្នុងរយ:ពេលវែងទៅមុខទៀត។
លើសពីនេះ លោកបាននិយាយថា ៖ ” ខ្ញុំសប្បាយចិត្តណាស់ជាមួយនឹងពានរង្វាន់ដែល Napoli បានឈ្នះ ហើយក្នុងនោះកូនប្រុសរបស់ខ្ញុំ Khvicha បានរួមចំណែកក្នុងការឈ្នះវា។ ខ្ញុំដឹងគុណដល់ប្រទេសអ៊ីតាលី និង Napoli ដែលបានស្វាគមន៍ និងផ្តល់តម្លៃដល់គាត់ក្នុងនាមជាកីឡាករបាល់ទាត់ម្នាក់។ ខ្ញុំចង់ឃើញគាត់បន្តពាក់អាវ Napoli ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនឹងគោរពការសម្រេចចិត្តរបស់គាត់“៕