គ្រូបង្វឹករបស់ក្លិបយក្សបារាំង Paris Saint-Germain លោក Luis Enrique ថ្មីៗនេះ ហាក់ដូចជាបានធ្វើការបញ្ជាក់យ៉ាងច្បាស់រួចហើយ ថា Kylian Mbappe នឹងត្រូវចាកចេញពីក្លិប នៅរដូវក្តៅខាងមុខនេះ។
ជាការពិតណាស់ អនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ កាន់តែមានភាពសង្ស័យខ្លាំងឡើង នៅពេលដែលគេត្រូវបានដាក់ឲ្យលេងជាកីឡាករបម្រុងសម្រាប់ក្រុមជាថ្មីម្តងទៀត អំឡុងការប្រកួតរបស់ PSG ទល់នឹងក្រុម Reims កាលពីយប់មិញ។
គួរឲ្យដឹងថា Mbappe មិនបានលេងឲ្យក្រុមពេញលេញនោះឡើយ ចាប់តាំងពីដើមខែកុម្ភ:មកម្លេះ ហើយឥឡូវនេះ គ្រូបង្វឹកលោក Enrique ហាក់ដូចជាបានបញ្ជាក់ថាខ្សែប្រយុទ្ធរូបនេះ នឹងចាកចេញនៅរដូវក្តៅខាងមុខ។
យ៉ាងណាមិញ លោក Enrique បានប្រាប់ទៅកាន់ Amazon Prime Video ក្រោយចប់ការប្រកួតថា៖ “ខ្ញុំសូមជូនពរឱ្យ Kylian Mbappe សម្រេចបាននូវអ្វីដែលល្អបំផុតសម្រាប់អនាគតរបស់គាត់។ គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយថែមទាំងជាមនុស្សដ៏ល្អបំផុតម្នាក់ផងដែរ “៕