ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងរៀបចំផ្តល់ជូនកិច្ចសន្យាថ្មីបន្ថែមទៀត សម្រាប់ Scott McTominay បន្ទាប់ពីបានមើលឃើញថាខ្សែបម្រើរូបនេះ កំពុងក្លាយជាផ្នែកដ៏សំខាន់សម្រាប់ក្រុម នៅរដូវកាលនេះ។
រំលឹកផងដែរថា កីឡាករសញ្ជាតិស្កុតឡេនរូបនេះ ត្រូវបានភ្ជាប់ទំនាក់ទំនងខ្លាំង ជាមួយនឹងការចាកចេញពីក្លិបបិសាចក្រហមកាលពីរដូវក្តៅមុន ដោយក្រុម West Ham United ត្រូវបានគេជឿជាក់ថាបានបង្ហាញការចាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើរូបគេ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ McTominay បានសម្រេចចិត្តបន្តស្នាក់នៅក្លិប និងបានក្លាយជាផ្នែកដ៏សំខាន់មួយសម្រាប់ក្រុមរបស់លោក Erik ten Hag នៅរដូវកាលនេះ ដោយបង្ហាញខ្លួន ៣៤ លើក រកបាន ៩ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៣ លើកបន្ថែមទៀត។
ហើយឥឡូវនេះ យោងតាមសារព័ត៌មាន Daily Star បានឲ្យដឹងថា Man United ហាក់បានធ្វើការសម្រេចចិត្តរួចរាល់ហើយលើអនាគតរបស់ខ្សែបម្រើរូបនេះ ដោយកំពុងរៀបចំផ្តល់ជូនរូបគេនូវកិច្ចសន្យាថ្មីបន្ថែមទៀត នៅទឹកដី Old Trafford ។
ប្រភពដដែលនេះ បានអះអាងទៀតថា ម្ចាស់ក្លិបថ្មី លោក Sir Jim Ratcliffe បានផ្ដល់ភ្លើងខៀវសម្រាប់កិច្ចសន្យាដែលមានតម្លៃរហូតដល់ទៅ ១២០ ០០០ ផោន ក្នុងមួយសប្តាហ៍ សម្រាប់ McTominay ពោលគឺនឹងធ្វើឲ្យប្រាក់ឈ្នួលរបស់គេកើនឡើងទ្វេដងឯណោះ៕