Manchester United មានការត្រៀមសម្រាប់ការពង្រឹងសមាសភាពក្រុមនារដូវកាលខាងមុខ ហើយខ្សែប្រយុទ្ធ Joselu Mato ស្ថិតនៅក្នុងបញ្ជីរបស់ពួកគេផងដែរ។
យោងតាមប្រភពពី Relevo បានរាយការណ៍ថា ក្រុមការងារឃ្លាំមើលកីឡាកររបស់ Man Utd បានទាក់ទងទៅភ្នាក់ងារខ្សែប្រយុទ្ធដែលកំពុងលេងនៅក្លឹប Real Madrid ហើយស្វែងយល់ពីស្ថានភាពរបស់គេក្នុងពេលប៉ុន្មានសប្ដាហ៍កន្លងទៅ។
គោលបំណងរបស់ក្លឹបបិសាចក្រហមគឺពួកគេចង់បានខ្សែប្រយុទ្ធបម្រុងម្នាក់នៅក្នុងក្រុម ស្របពេលដែលកីឡាករអេស្ប៉ាញ បង្ហាញសមត្ថភាពបានយ៉ាងល្អនៅក្នុងក្រុម Real Madrid ដោយរកគ្រាប់បាល់១៣គ្រាប់ ក្នុងការបង្ហាញខ្លួន៣៨ប្រកួត នារដូវកាលនេះ។
ប្រសិនបើ Man Utd សម្រេចចិត្តក្នុងការដេញថ្លៃ Joselu ពួកគេត្រូវតែចរចាជាមួយ Espanyol ដែលជាក្លឹបអាណាព្យាបាលរបស់គេ។ កិច្ចសន្យារបស់ Joselu នៅក្លឹបកាតាឡូញ៉ា មានសុពលភាពដល់ឆ្នាំ២០២៥។
ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ ក៏មានបំណងចង់បន្ដលេងនៅ Real Madrid ផងដែរ ប៉ុន្ដែគេត្រូវចរចាជាមួយក្លឹបដើម Espanyol ខណៈថ្លៃទីផ្សារបច្ចុប្បន្នរបស់គេមានតម្លៃប្រមាណ៦.៧លានអឺរ៉ូ៕