នាជំនួបដ៏ស្វិតស្វាញនោះ នៅត្រឹមតែ ២នាទី ដំបូងអ្នកចាំទី Emiliano Martinez បានធ្វើឱ្យរបូតគ្រាប់បាល់ ១គ្រាប់ចូលទីខ្លួនឯង ផ្តល់ឱកាសដល់ក្រុម Liverpool នាំមុខមុន។ ២គ្រាប់ផ្សេងទៀតរបស់ Liverpool កើតឡើងដោយខ្សែប្រយុទ្ធ Cody Gakpo នៅនាទី២៣ និងកីឡាករ Jarell Quansah នៅនាទី៤៨។
៣គ្រាប់ របស់ Aston Villa ដែលតាមស្មើលើក្រុមរហស្សនាមហង្សក្រហម ធ្វើបានដោយកីឡាករ Youri Tielemans នៅនាទី១២ ក្នុងវគ្គទីមួយ មុនពេលដែលកីឡាករកូឡុំប៊ី Jhon Duran ដែលបានប្តូរចូលរួចរកបាន ២គ្រាប់នៅនាទី៨៥ និងនាទី៨៨។ Aston Villa បច្ចុប្បន្នមាន ៦៨ពិន្ទុឈរនៅចំណាត់ថ្នាក់លេខ ៤ ខណៈនៅសល់ការប្រកួត ១ ក្នុងដៃ។
Aston មានគម្លាត ៥ពិន្ទុ ពីលើក្រុមចំណាត់ថ្នាក់លេខ ៥ Tottenham Hotspur ដែលនៅសល់២ប្រកួតក្នុងដៃ។ Spurs ការប្រកួតបន្ទាប់ពួកគេនឹងត្រូវតទល់ជាមួយក្រុម Manchester City ដែលកំពុងប្រជែងពានទល់ Arsenal ហើយការប្រកួតចុងក្រោយរបស់ពួកគេ នឹងត្រូវតទល់ជាមួយក្រុមបាតតារាង Sheffield United។ Aston ជំនួបចុងក្រោយត្រូវប្រកួតទល់ Crystal Palace។
គម្លាតនាំមុខ Spurs ៥ពិន្ទុ បានធ្វើឱ្យក្រុមដែលដឹកនាំដោយលោក Unai Emery មានឱកាសខ្ពស់ឈ្នះកៅអី Champions League លើកដំបូងក្នុងរយៈពេល ៤២ឆ្នាំ ចាប់តាំងពីពួកគេបានបង្ហាញខ្លួនចុងក្រោយ នៅរដូវកាល ១៩៨១-៨២។ Aston ក៏ធ្លាប់ជាម្ចាស់ជើងឯកក្របខណ្ឌកំពូលអឺរ៉ុប ១សម័យកាលផងដែរ ក្នុងឆ្នាំ ១៩៨១-៨២ ដោយកាលនោះពានរង្វាន់មានឈ្មោះថា European Cup។