Saturday, June 21, 2025
[the_ad_group id="102"]

កម្ពុជា នឹងរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ជារៀងរាល់ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២៥

ក្នុងសន្និសីទសារព័ត៌មានស្ដីពី«ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២» នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមិថុនា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា សម្ដេច ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ឲ្យរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ចាប់ពីឆ្នាំ២០២៥។ ការរៀបចំព្រឹត្តិការណ៍នេះ គឺធ្វើឡើងបន្ទាប់ពីកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ យុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤។

អគ្គលេខាធិការ NOCC រូបនេះ ចាត់ទុកថាការរៀបចំឲ្យមានព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ គឺជាការអភិវឌ្ឍ និងការធ្វើទំនើបកម្មលើក្បាច់គុនខ្មែរ ដើម្បីដើរឲ្យទាន់សម័យកាល និងជឿនលឿនដូចក្បាច់គុននានា លើពិភពលោក។

«យើង ធ្វើដោយមានគោលការណ៍ច្បាស់លាស់ និងធ្វើដោយមានការទទួលខុសត្រូវ ចំពោះក្បាច់គុនព្រលឹងជាតិរបស់យើង ក្បាច់គុនអត្ដសញ្ញាណជាតិរបស់យើង។ ការរៀបចំប្រកួតក្បាច់គុនចម្រុះនេះ ចាត់ទុកថាជាការធ្វើទំនើបកម្ម យើងធ្វើយ៉ាងណាឲ្យក្បាច់គុនខ្មែររបស់យើង អាចចូលរួមជាមួយសភាពការ ឬជាមួយភាពជឿនលឿននៃការប្រកួតក្បាច់គុននៅលើពិភពលោក។ នេះជាគោលដៅរបស់យើង។»។ លោក វ៉ាត់ ចំរើន បានប្រាប់ដូច្នេះ។

ចំពោះការរៀបចំយុទ្ធគុនចម្រុះ ដែលគ្រោងធ្វើជារៀងរាល់ឆ្នាំ អគ្គលេខាធិការ NOCC បញ្ជាក់ថា ត្រូវធ្វើដោយមានគោលការណ៍ច្បាស់លាស់ ព្រោះជាការអភិវឌ្ឍក្បាច់គុនបុរាណខ្មែរ។ ចំពោះការរៀបចំធ្វើម្ចាស់ផ្ទះ យុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ និងយុទ្ធគុនចម្រុះបុរាណខ្មែរ សម្ដេច ហ៊ុន ម៉ាណែត គាំទ្រជាខ្លាំង ដោយសម្ដេច នឹងចូលរួមពិធីបើកការប្រកួត 2nd AMMA Championship  នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

គួរបញ្ជាក់ផងដែរថា កម្ពុជា នឹងត្រៀមកីឡាករ-កីឡាការិនី១៦រូប ប្រកួតក្នុងព្រឹត្តិការណ៍នេះ។ សមាសភាពកីឡាករ-កីឡាការិនី ១៦រូប ដែលត្រូវបានជ្រើសរើសចូលប្រកួតព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី២ មានដូចជា៖ ផេង សុបញ្ញា, ឡុង ឡា, រិន សារដ្ឋ, ហ៊ុន គឹមហ៊ាង, មាស ម៉ើ, Thiago Teixeira , ហ៊ុន ច័ន្ទរាជ្យ, ធាន អាត, ចាន់ រតនា, អេ វីរៈខាំឈិតភូថង, ហាត ភី, ខៀវ ចិន្ដារ័ត្ន, មឿយ ស៊ឹង, គន្ធ វណ្ណនីតា, អ៊ុំ ថារ័ត្ន និង ទួន ស្រីភិន។ ព្រឹត្តិការណ៍នេះ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]