ក្នុងជំនួបវគ្គសន្សំពិន្ទុពូល A ជុំទី២ នៅយប់ថ្ងៃទី១៩ ខែមិថុនា ខ្សែបម្រើវ័យក្មេង Jamal Musiala ជួយអាល្លឺម៉ង់នាំមុខហុងគ្រីនៅនាទី២២ តាមរយៈការបញ្ជូនរបស់ប្រធានក្រុម Ilkay Gundogan។ យ៉ាងណាគ្រាប់បាល់នោះ ធ្វើឱ្យកីឡាករហុងគ្រីខឹងសម្បាយ៉ាងខ្លាំង ចំពោះការប្រជែងរបស់ Gundogan លើខ្សែការពារ Willi Orban មុនបញ្ជូនឱ្យ Musiala ស្រពេលអាជ្ញាកណ្តាលលោក Robert Andrich មិនពិនិត្យ VAR តាមការតវ៉ា។ Gundogan ដដែលជាអ្នកសម្រេចគ្រាប់ទី២នៅនាទី៦៧។
ការសម្រេចរបស់អាជ្ញាកណ្តាល Andrich ទទួលការរិះគន់ពីគ្រូហុងគ្រីលោក Rossi ថាមានទំនោកាន់ជើងទៅក្រុមម្ចាស់ផ្ទះ។ «ខ្ញុំមិនដែលត្អូញត្អែរតវ៉ាទេក្នុងអាជីពជាកីឡាករ ឬគ្រូបង្វឹក ប៉ុន្តែអ្វីដែលអាជ្ញាកណ្តាលសម្រេចយប់មិញ ជាការសម្រេចបែបស្តង់ដារពីរ។ អាជ្ញាកណ្តាលផ្តល់គ្រាប់បាល់ ទាំងដែល Gundogan រុញ Orban»។ នេះជាការរិះគន់របស់គ្រូសញ្ជាតិអ៊ីតាលី មិនបន្តថា នៅវគ្គទី២ ក្នុងស្ថានភាពស្រដៀងគ្នានេះ លោកអាជ្ញាកណ្តាល Andrich បានផ្លុំកញ្ចែពិន័យលើកូនក្រុមខ្លួន។
មិនត្រឹមអាជ្ញាកណ្តាលលើទីលានឡើយ លោក Rossi ក៏បានបន្ទោសក្រុមមន្ត្រីអាជ្ញាកណ្តាលពិនិត្យ VAR ផងដែរ ដោយមិនធ្វើអន្តរាគមន៍អ្វីសោះចំពោះការរុញរបស់ Gundogan ក្នុងតំបន់គ្រោះថ្នាក់។ លោក Rossi ថែមទាំងទទួលស្គាល់ថាទោះបីយ៉ាងណាជំនួបនេះអាល្លឺម៉ង់គង់នឹងឈ្នះដដែល ប៉ុន្តែអាជ្ញាកណ្តាលមិនគួរគិតក្តីអាក្រក់បែបនេះទេ។
ជ័យជម្នះនៅជំនួបទី២នេះ ជួយម្ចាស់ផ្ទះអាល្លឺម៉ង់មាន៦ពិន្ទុ គ្រប់គ្រាន់ទទួលបានកៅអីស្វ័យប្រវត្តិទៅវគ្គ១៦ក្រុមចុងក្រោយ ទោះសល់មួយប្រកួត។ ហុងគ្រីដែលចាញ់ពីរប្រកួតដំបូង សល់ឱកាសតិចតួចប៉ុណ្ណោះក្នុងនាមក្រុមលេខ៣ល្អ។
ក្នុងពូល A នេះដែរ ស៊្វីស ដែលតាមស្មើស្កុតឡែន ១-១ មានភាគរយខ្ពស់ឡើងទៅវគ្គខ្វែងជាមួយអាល្លឺម៉ង់។ Xherdan Shaqiri ជាអ្នករគ្រាប់តាមស្មើឱ្យស្វ៊ីស មុនពេល Scott McTominay ធ្វើបានគ្រាប់នាំមុខឱ្យស្កុតឡែន។ ស្វ៊ីសឈរលេខ២មាន៤ពិន្ទុ ឯស្កុតឡែននៅលេខ៣មាន១ពិន្ទុ។
ដោឡែក នៅជំនួបពូល B រវាងក្រូអាស៊ី និងអាល់បានីដែលវាយសម្រុកគ្នារហូតបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នៅជំនួបជុំទី២ ទំនងជាពិបាកក្នុងការដណ្តើមយកចំណាត់ថ្នាក់ទី២ក្នុងពូលទាំងពីរក្រុម។ ឆ្លងកាត់ពីរប្រកួតក្រូអាស៊ីឈរនៅបាតតារាងមាន១ពិន្ទុ ស្មើក្រុមលេខ៣អាល់បានី។ អេស្ប៉ាញ និងអ៊ីតាលី ដែលមាន៣ពិន្ទុ ឈរលេខ១ និងលេខ២ ត្រូវជួបគ្នានៅយប់ថ្ងៃទី២០ ខែមិថុនានេះ៕