Sunday, June 22, 2025
[the_ad_group id="102"]

Ollie Watkins នាំសំណាងស៊ុត ១គ្រាប់ចុងម៉ោង ជួយអង់គ្លេសឡើងវគ្គផ្តាច់ព្រ័ត្រ ជាលើកទី២ ជាប់គ្នា ហើយនឹងត្រូវបន្តទៅប៉ះអេស្ប៉ាញ

ជាការប្រកួតដែលមានការស៊ុតបាល់បញ្ចូលទីគ្នានៅដើមវគ្គទីមួយស្រដៀងទៅនឹងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រដែលអេស្ប៉ាញយកឈ្នះបារាំង មានគ្រាប់បាល់កើតឡើង ៣គ្រាប់ក្នុងវគ្គទីមួយ។ ត្រឹមដើមវគ្គទីមួយបានតែ ៧នាទី ប៉ុណ្ណោះ ហូឡង់ក៏រកបានឱកាសបើកការនាំមុខ ១គ្រាប់ ពីការសម្រុកនិងការស៊ុតបាល់ដ៏ល្អពីសំណាក់កីឡាករ Xavi Simons។ 

ការស៊ុតបាល់បញ្ចូលទៅនាំមុខរបស់ហូឡង់ ហាក់បីជាការបង្កើនកម្តៅសម្រាប់អង់គ្លេសឱ្យសម្រុកខ្លាំងត្រឡប់មកវិញ ពោលការនាំមុខរបស់ហូឡង់បានត្រឹមតែ ១១នាទីប៉ុណ្ណោះ អង់គ្លេសក៏មានឱកាសរកបានគ្រាប់តាមស្មើ ១-១ មកវិញ ពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រ បានសម្រេចពីសំណាក់ Harry Kane។

ហូឡង់នាំមុខមុនរយៈពេលខ្លី អង់គ្លេសមានឱកាសតាមស្មើ នៅពេលដែលកីឡាករ Denzel Damfries បង្កកំហុសទាត់ជើង Kane ក្នុងប្រអប់គ្រោះថ្នាក់ ហើយអាជ្ញាកណ្តាលត្រួតពិនិត្យ VAR ផ្តល់បាល់ពិន័យ ១១ម៉ែត្រ។ បន្ទាប់ការប្រកួតកើតឡើង ២គ្រាប់ អង់គ្លេសក៏បានបន្តដាក់សម្ពាធខ្លាំងជាបន្តបន្ទាប់ រហូតអាចមានឱកាសល្អៗ ១លើក ជា ២លើក ក្នុងការស៊ុតបញ្ចូលទី ប៉ុន្តែគ្មានសំណាង។ ការប្រកួតក្នុងវគ្គទីមួយបញ្ចប់ទៅត្រឹមលទ្ធផលស្មើ ១-១។

ចូលវគ្គទីពីរ ការប្រកួតរវាងក្រុមទាំងសងខាង ហាក់បីរង្វើលខុសពីវគ្គទីមួយ ខណៈក្រុមទាំងសងខាង មិនចង់បង្កកំហុសឱ្យរបូតឱកាសគ្រាប់បាល់បញ្ចូលទីរៀងៗខ្លួន ហើយលទ្ធផលស្មើ ១-១ នៅតែរក្សារហូតដល់ពាក់កណ្តាលវគ្គទីពីរ។ 

យ៉ាងណា ការប្រកួតឈានដល់នាទីបន្ថែមទៀតហើយ ពោលនាទី ៩០+១ អង់គ្លេសទទួលបានឱកាសមាសកើតឡើង ដោយកីឡាករបានប្តូរចូលវគ្គទីពីរ Ollie Watkins បានស៊ុតគ្រាប់ ១ ចុងម៉ោង សម្រាប់អង់គ្លេសបញ្ចប់ការប្រកួតយកឈ្នះក្នុងលទ្ធផល ២-១ ទល់ហូឡង់។ ឱកាសរបស់អង់គ្លេសកើតចេញពីការធ្វេសប្រហែសរបស់ក្រុមកីឡាករហូឡង់នៅចុងម៉ោង។

បន្ទាប់ពីទម្លាក់ហូឡង់នៅត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដណ្តើមបានកៅអីវគ្គផ្តាច់ព្រ័ត្រជាថ្មីម្តងទៀតនេះ អង់គ្លេស បានវិលត្រឡប់ទៅវគ្គផ្តាច់ព្រ័ត្រជាលើកទី២ ជាប់គ្នា ក្រោយពីពួកគេខកចិត្តកាលពីឆ្នាំ ២០២១ ដោយចាញ់ការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ក្រោមថ្វីជើងអ៊ីតាលី។ អង់គ្លេស នឹងត្រូវប្រជែងតទល់នឹងក្រុមខ្លាំងអេស្ប៉ាញ ជំនួបវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃ១៤ ខែកក្កដា វេលាម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]