កីឡាករ ច្រឹង ពលរដ្ឋ បានចែកផ្លូវជាមួយវិសាខា បន្ទាប់ពីរូបគេប្រកបអាជីពនៅទីនោះអស់រយៈពេល៤រដូវកាល បើគិតចាប់ពីខែមករា ឆ្នាំ២០២០។ ក្នុងការផ្លាស់មកភ្នំពេញក្រោននេះ ខ្សែបម្រើកណ្ដាលរូបនេះ បង្ហាញការសប្បាយចិត្តជាខ្លាំង។ នេះ បើយោងតាមវីដេអូសម្ភាស ដែលក្លិបភ្នំពេញក្រោន បានបង្ហោះ។
ប៉ុន្ដែ កីឡាករវ័យ២៧ឆ្នាំរូបនេះ យល់ថាការប្រកបអាជីពនៅក្លិបធំ និងកំពុងតែមានសមិទ្ធផលជាច្រើននេះ គឺមិនមែនងាយស្រួលជាប់ជម្រើស១១នាក់ដំបូងឡើយ។ កីឡាករមានសក្ដានុពលជាច្រើន ជាពិសេស អ៊ន ចាន់ប៉ូលីន និង Yudai Ogawa ដែលលេងតួនាទីជាបម្រើកណ្ដាល។
អតីតសមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំ សប្បាយចិត្តមែនទែន ដោយភ្នំពេញក្រោន បានជ្រើសរើសយកខ្ញុំ ដើម្បីត្រៀមរដូវកាលថ្មី។ រដូវកាលនេះ ខ្ញុំប្ដេជ្ញាចិត្តថា នឹងខំប្រឹងហ្វឹកហាត់ ដើម្បីជួយក្រុមប្រកួតប្រជែង និងមានឱកាសលេងជម្រើស១១នាក់ដំបូង។ ខ្ញុំនឹងមានបទពិសោធន៍ថ្មី មកទីនេះដើម្បីប្រកួតប្រជែង និងរកទីតាំងតំណែង ដែលយើងត្រូវប្រកួតប្រជែងជាប់ជម្រើស១១នាក់។ ប៉ុន្ដែខ្ញុំ នឹងព្យាយាមឲ្យបានល្អ ដើម្បីជម្រើស១១នាក់ដំបូង។ យើង ដឹងហើយថាតំបន់កណ្ដាលភ្នំពេញក្រោនសុទ្ធតែល្អៗទាំងអស់។»។
ដោយឡែក ការផ្លាស់ប្ដូរពីក្លិបវិសាខា មកភ្នំពេញក្រោន ក្នុងតម្លៃខ្លួនប៉ុន្មាន និងស្ថិតក្រោមហេតុផលយ៉ាងណា កីឡាកររូបនេះ មិនបានលម្អិតក្នុងវីដេអូសម្ភាសជាមួយនឹងមន្ដ្រីសារព័ត៌មានក្លិបភ្នំពេញក្រោនឡើយ។
គួរបញ្ជាក់ផងដែរ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករ ភ្នំពេញក្រោន បាននាំយកកីឡាករបរទេស២រូប គឺ Nnamdi Ofufu Lbeh និងកីឡាករ Reo Kunimoto ហើយក៏បានចែកផ្ហូវជាមួយ កីឡាករ Denilson និង Soe Moe Kyaw ផងដែរ៕