តារាបាល់ទាត់សញ្ជាតិព័រទុយហ្កាល់ អំឡុងការប្រកួតដើមវគ្គទីមួយ រូបគេរកបានគ្រាប់បាល់បើកឆាកនាំមុខមុន តាំងតែនាទី៣៤ សម្រាប់ក្រុម Al Nassr ហើយពេលដែលការប្រកួតឈានដល់នាទី៧៥ Ronaldo ក៏មានឱកាសរកបានគ្រាប់បាល់ទី២ ប៉ុន្តែត្រូវបានបដិសេធមិនផ្តល់ឱ្យពីសំណាក់ប្រព័ន្ធ VAR ព្រោះរូបគេស្ថិតក្នុងជំហ Offside។
ក្រុម Al Raed បានផ្តល់ការខកចិត្តជាថ្មីបន្ថែមមួយទៀតសម្រាប់ក្រុម Al Nassr របស់ Ronaldo នាការប្រកួតដើមរដូវកាល ដោយពួកគេបានរកគ្រាប់បាល់តាមស្មើ ១គ្រាប់ មកវិញនៅនាទី៤៩ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ របស់កីឡាករ Mohammed Fouzair។
លទ្ធផលស្មើជារឿងដ៏ខកចិត្តថ្មីមួយទៀតសម្រាប់ Ronaldo ទោះរូបគេរកបានគ្រាប់បាល់ទី៥០ ក្នុងការបង្ហាញខ្លួនចំនួន ៤៨លើក នៅលីគកំពូលប្រទេសអារ៉ាប៊ីសាអូឌីតក៏ដោយ។
កាលពីសប្តាហ៍មុនក្នុងប្រកួតពានរង្វាន់ Saudi Super Cup ក្លិបដែលមានកីឡាករវ័យ ៣៩ឆ្នាំ ជាប្រធានក្រុមមួយនេះ បានរងបរាជ័យដ៏អាម៉ាស់ ក្រោយចាញ់ក្រុម Al Hilal លទ្ធផល ៤-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ។កាលពីរដូវកាលមុនទៀតសោត Al Nassr ក៏ធ្លាប់បានបរាជ័យក្រោមថ្វីជើង Al Hilal ដូចគ្នា នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Saudi King Cup។
ដោយឡែកកាលពីពេលថ្មីៗនេះ តារាបាល់ទាត់វ័យចំណាស់រូបនេះ បានធ្វើឱ្យមនុស្សទូទាំងពិភពលោក មានភាពភ្ញាក់ផ្អើលខ្លាំង ចំពោះការបង្កើតឆានែល YouTube លើកដំបូងរបស់គេ ក្រោយការប្រកបអាជីពបាល់ទាត់អស់រយៈពេលជាច្រើនឆ្នាំរួចមក។ ការបង្កើតឆានែល YouTube របស់ Ronaldo ថែមទាំងបានបំបែកកំណត់ត្រាក្លាយជាអ្នកបង្កើតមាតិការដំបូងគេបង្អស់លើពិភពលោក ដែលមានចំនួនអ្នកចុចតាមដានច្រើន និងលឿនមិនធ្លាប់មានពីមុនមក។
គិតមកដល់ពេលនេះឆានែល YouTube ដែលមានឈ្មោះថា UR-Ronaldo បង្កើតដោយតារាបាល់ទាត់សញ្ជាតិព័រទុយហ្កាល់មានចំនួនអ្នកចុចតាមដាន (Subscribe) ឡើងដល់ ២៩លាននាក់រួចទៅហើយ ក្រោយការបង្កើតត្រឹមតរយៈពេល ១ថ្ងៃ៕