បើតាមការផ្សាយរបស់កាសែត The Telegraph កីឡាការិនីវាយកូនឃ្លីលើតុកូរ៉េខាងជើង Kim Kum-yong កំពុងស្ថិតក្រោមការស៊ើបអង្កេតចំពោះការញញឹមអំឡុងពេលរូបថតជ័យជម្នះជាមួយអត្តពលិកកូរ៉េខាងត្បូង ដែលកូរ៉េខាងជើងចាត់ទុកថាជាគូសត្រូវនោះ។
រូបថតមួយសន្លឹកដែលកីឡាករកូរ៉េខាងត្បូងកាន់ទូរសព្ទថត selfie ជុំគ្នាជាមួយអត្តពលិកចិន និងកូរ៉ខាងជើងក្រោយបំពាក់មេដាយលើវេទិកាអូឡាំពិក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកគាំទ្រទូទាំងពិភពលោកបង្ហាញក្តីត្រេកអរ និងចាត់ទុកថានេះជារួបភាពដ៏ស្រស់ស្អាតនៅក្នុងប្រវត្តិសាស្ត្រអូឡាំពិក។ ក្នុងវិញ្ញសាវាយគូបុរសនារី ចិនជាម្ចាស់មេដាយមាស កូរ៉េខាងជើងមេដាយប្រាក់ និងសំរឹទ្ធបានទៅកូរ៉េខាងត្បូង។
ទោះជាយ៉ាងណាក៏ដោយ រូបភាពនេះទំនងមិនប្រសើរជាមួយកូរ៉េខាងជើងឡើយ ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន ចំពោះទំនាក់ទំនងយ៉ាងតឹងរ៉ឹងជាមួយប្រទេសមួយចំនួន ពិសេសប្រទេសជិតខាងកូរ៉េខាងត្បូងតែម្តង។ ក្រុមរូបមួយសន្លឹកនោះកីឡាការិនី Kim Kum-yong ហាក់បង្ហាញស្នាមញញឹម ជាមួយភាគីចិន និងកូរ៉េខាងត្បូង ស្រពេលកីឡាករ Ri Jing-sik ហាក់ធ្វើមុខស្មើ។
ចាប់តាំងពីអត្តពលិកកូរ៉េខាងជើង ត្រឡប់ពីប៉ារីសវិញ នៅថ្ងៃទី១៥ ខែសីហា ពួកគេត្រូវទទួលការសម្អាតនៃឥទ្ធិពលវប្បធម៌ និងសង្គមណាមួយ រយៈពេលមួយខែ។ បើតាមការផ្សាយរបស់ Daily NK អត្តពលិកកូរ៉េខាងជើង ត្រូវរងការរឹតត្បិតប្រាស្រ័យទាក់ទងណាមួយជាមួយភាគីកូរ៉េខាងត្បូង ឬអត្តពលិកមកពីប្រទេសផ្សេងទៀតក្នុងព្រឹត្តិការណ៍កីឡារដូវក្តៅក្រុងប៉ារីស។ ការបំពានលើសេចក្តីណែនាំទាំងនេះ នឹងនាំឱ្យមានការដាក់ទណ្ឌកម្ម។ ទោះបីជាកម្រិតនៃការពិន័យមិនបានបង្ហាញ ប៉ុន្តែតាមប្រវត្តិសាស្ត្រកន្លងមក ផលវិបាកនៃការដាក់ពិន័យ មានកម្រិតធ្ងន់ធ្ងរចំពោះការមិនគោរពតាមបញ្ជា៕