Wednesday, August 27, 2025
[the_ad_group id="102"]

កីឡាករគុនខ្មែរ ឈឿង ល្វៃ តែងតែសូត្រគាថា និងទន្ទ្រាំជើង មុនពេលឡើងលើសង្វៀន

ឈឿង ល្វៃ គឺជាកីឡាករគុនខ្មែរជួរមុខមួយរូប ដែលមានអ្នកគាំទ្រជាច្រើន តែងទស្សនាគ្រប់ការប្រកួតរបស់គេ។ មុនពេលឡើងសង្វៀនរបស់ ឈឿង ល្វៃ អ្នកគាំទ្រ សង្កេតឃើញថាកីឡាកររូបនេះ តែងតែទន្ទ្រាំជើង និងសូត្រគាថាអ្វីមួយ។

ឈឿង ល្វៃ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា រូបគេមិនមែនជាអ្នកមានមន្ដអាគមអ្វីឡើយ។ ម្យ៉ាងវិញទៀត ការប្រកួតនៅលើសង្វៀន គឺជាការប្រើបច្ចេកទេសយកឈ្នះគូប្រកួត ដោយស្មើភាពគ្នា។ ប៉ុន្ដែ ល្វៃ ជឿថាអបិយជំនឿនេះ គឺមានតាំងបុរាណមក ហើយរូបលោកគ្រាន់តែបានរៀន និងបានស្ដាប់ព្រឹទ្ធាចារ្យគុនចាស់ៗ បានប្រាប់ពីជំនឿនេះ ប៉ុណ្ណោះ។

អ្នកប្រដាល់វ័យ ២៧ឆ្នាំរូបនេះ បានប្រាប់ថា៖«នេះ គឺជាអបិយជំនឿមួយ ដែលមានតាំងពីបុរាណមកម្លេះ។ លោកគ្រូ ហើយចាស់ព្រឹទ្ធាចារ្យ បានប្រាប់យើងពីរបៀបសូត្រមន្ដគាថា មុនឡើងប្រកួត។ អ្វី ដែលជាក់ស្ដែង យើងធ្វើតាមគាត់។»

អ្នកគាំទ្រមួយចំនួនជឿថា សង្វៀនប្រដាល់កាលពីសម័យដើម សុទ្ធតែមានអថ័នដែលអាចបន្សាបរាល់មន្ដអាគមនានា ដូចជាមហាទម្ងន់ មហារអិល ឬស្បែកគង់។ អថ័នបន្សាបនោះ ត្រូវបានគេដាក់ឲ្យកីឡាករទាំងនោះ ឡើងលើសង្វៀនប្រកួតមានភាពស្មើគ្នាដោយប្រើបច្ចេកទេសក្បាច់គុន មិនមែនប្រើមន្ដអាគមជំនួស។

ដោយឡែក ឈឿង ល្វៃ សូត្រគាថាបាលី គឺគ្រាន់តែធ្វើឲ្យមានស្មារតី និងអារម្មណ៍ជឿជាក់លើខ្លួនឯង មិនឲ្យចាញ់ច្រាបគូប្រប្រកួតប៉ុណ្ណោះ។ «ខ្ញុំ ក៏មិនដឹងច្បាស់ដែរ។ ប៉ុន្ដែខ្ញុំគ្រាន់តែដឹងតាមលោកគ្រូៗ គាត់បានប្រាប់មក គេមានដាក់អថ័នខ្លះដែរ ប៉ុន្ដែយើង ក៏មិនដឹងថាគេដាក់បែបណាដែរ។ ការសូត្រមន្ដអាគមន៍នៅលើសង្វៀន គឺសម្រាប់ខ្ញុំជាការដាស់អារម្មណ៍ខ្លួនឯង ឲ្យមានកម្លាំងកុំឲ្យយើងខ្លាច និងជឿជាក់លើខ្លួនឯង ខ្លាំងជាងដៃគូរបស់យើង។ ប៉ុន្ដែបើលើសពីនេះ ខ្ញុំក៏មិនដឹងដែរ។ ចំណែកកីឡាករគូប្រកួតគេ ក៏មានរបៀនរបស់គេដែរ ព្រោះគេមានគ្រូ មានព្រះ មានជំនឿរបស់គេដែរ។»។ កីឡាកររូបនេះ បាននិយាយដូច្នេះ។

ឈឿង ល្វៃ ជឿថាសម័យបច្ចុប្បន្ន ទោះជាក្មេងរៀននូវមន្ដអាគមន៍ទាំងនោះ ក៏មិនពូកែដូចចាស់ពីសម័យដើមដែរ ដោយសារតែក្មេងបច្ចុប្បន្ន មិនអាចតមបានខ្ជាប់ខ្ជួន។ កីឡាករវ័យ២៧ឆ្នាំរូបនេះ បានប្រាប់ដូច្នេះថា៖«ចាស់ៗពីដើម គាត់រៀនមន្ដវិទ្យាការពូកែ ប៉ុន្ដែក្មេងសម័យឥឡូវ មិនពូកែទេ ដោយសារការតំណមតមមិនបានល្អដូចពួកគាត់។ ដូច្នេះ យើង មិនអាចស័ក្ដិសិទ្ធិដូចពួកគាត់បានទេ។ ប៉ុន្ដែទាំងនេះ គ្រាន់តែជាការៀនចេះដឹងពីគាត់មកប៉ុណ្ណោះ ហើយមកអនុវត្តតាមគាត់ តាមអ្វីដែលគាត់ប្រាប់អញ្ចឹងទៅ។»។

រីឯការប្រកួតនៅក្រៅប្រទេស ដែលកីឡាករគុនខ្មែរ ចេញទៅប្រកួតដំបូងៗចាញ់គេ គឺដោយសារតែចាញ់ច្រាបទឹកដី អ្នកគាំទ្រ និងបរិបទប្រកួតនៅក្រៅប្រទេស មិនមែនដោយសារមន្ដអាគមន៍អ្វីឡើយ។ ឈឿង ល្វៃ បានប្រាប់ពីទស្សនៈ ពីបទពិសោធន៍នៃអារម្មណ៍ផ្ទាល់ខ្លួនរបស់គេដូច្នេះ។

«ទៅប្រកួតនៅស្រុកគេ ចាញ់ច្រាបដោយសារទឹកដី បើយើងមិនសូវបានចេញទៅក្រៅប្រទេសចឹង អាចមានអារម្មណ៍ភ័យខ្លាច ហើយឃើញមហាជនគេច្រើន។ យើង ធ្លាប់តែនៅស្រុកខ្មែរ មានបងប្អូនខ្មែរយើងច្រើន ដល់តែនៅស្រុកគេនោះ យើងមានតែ២ ៣នាក់ ឬតែម្នាក់ឯង។ អ៊ីចឹង យើង មានអារម្មណ៍ថាចាញ់ច្រាប់គេ យើង មានអារម្មណ៍មិនល្អ ធ្វើឲ្យការប្រកួតយើងធ្លាក់តាមហ្នឹងដែរ។ នៅពេលយើង ទៅក្រៅប្រទេសញឹកទៅ យើងលែងចាញ់ច្រាបគេដោយសាររឿងអ្នកគាំទ្រគេហើយ ព្រោះយើងដឹងអស់ពីបរិបទនៅក្រៅស្រុក។» ឈឿង ល្វៃ បាននិយាយដូច្នេះ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]