ដូចប្រិយមិត្តបានឃើញ ខ្សែប្រយុទ្ធមុតស្រួចឥតខ្វះបានរបស់ក្លឹបសារិកាព្រៃ Newcastle United សព្វថ្ងៃគឺ Alexander Isak នោះឯង នេះស្ថិតិរដូវកាល ២០២៣/២៤ គេឈរជើង ៤ ប្រកួត ក៏រកបាន ២ គ្រាប់រួចហើយដែរឲ្យក្លឹបដឹកនាំដោយអ្នកចាត់ការលោក Eddie Howe។
បើទោះបីទីផ្សារដោះដូរបិទទ្វារ តែស្ថានភាពនៃការសម្លឹង ការចរចាក្រៅផ្លូវការមួយចំនួនក៏អាចទៅបាន ជាក់ស្តែងខាងក្លឹបអេស្ប៉ាញ Barcelona ដឹកនាំដោយអ្នកចាត់ការលោក Xavi Hernandez បានដាក់គោលដៅជាបណ្តើរៗ មកលើកីឡាករសញ្ជាតិស៊ុយអែត។ នេះបើតាមសារព័ត៌មាន Fichajes ចុះផ្សាយ។
ក្លឹបខាងលើ ពិតជាចង់នាំយកអតីតសមាជិកក្លឹប Real Sociedad មកចូលរួមជាខ្លាំង ហើយកាន់តែលឿនគឺនៅរដូវរងា ដើមឆ្នាំ ២០២៤។ ទៅមើលហាងឆេងតម្លៃខ្លួន និងការទាមទារផ្ទាល់ពីក្លឹបមេ ត្រូវបានរាយការណ៍តូចបំផុតគឺ ៧០ លានអឺរ៉ូទើបព្រមបើកការជជែក ឬអាចជាតួលេខលើសនោះផង។
បញ្ជាក់ដែរថា Isak សេសសល់កុងត្រាជាមួយ Newcastle ដល់ចុងខែមិថុនា ឆ្នាំ ២០២៨ ដោយតួលេខលក់ចេញ ៧០ លាន គឺ Newcastle យកស្មើដើម នៃខ្ទង់ចំណាយទិញចេញពី Sociedad កាលរដូវក្តៅ ឆ្នាំ ២០២២ នោះឯង តែបើអាចចរចាយកបានលើនោះ គឺរាប់ជាលុយចំណេញក្រោយការប្រើប្រាស់ជាងមួយឆ្នាំ៕