ខ្សែការពារ និងជាប្រធានក្រុមវ័យក្មេងរបស់ក្លឹបតោខៀវ Chelsea គឺ Reece James មួយរយៈចុងក្រោយ សង្កេតឃើញថាធ្លាក់ចុះទម្រង់ហើយ ទាំងកេរ្តិ៍ឈ្មោះលើទីលានក៏រាងស្ងប់ស្ងាត់ដែរ ខណៈបញ្ហារបួសនៅញាំញីម្តងម្កាល និងថ្មីៗកើតការពិន័យពីសហព័ន្ធបាល់ទាត់អង់គ្លេសថែមទៀត។
ថយក្រោយទៅជំនួបបរាជ័យក្រោមថ្វីជើង Aston Villa កាលពីថ្ងៃទី ២៤ កញ្ញា កីឡាករសញ្ជាតិអង់គ្លេសបានប្រើប្រាស់ពាក្យពេចន៍មិនល្អទៅលើអាជ្ញាកណ្តាលនៅបន្ទប់ក្រោមដី បន្ទាប់មិនពេញចិត្តចំណាត់ការនៃការកាត់សេចក្តីលើទីលាន។
អំពីកាយវិការអស់នោះ ត្រូវបានសមាគមបាល់ទាត់អង់គ្លេសហៅកាត់ FA សម្រេចដាក់ពិន័យ ជាទឹកប្រាក់ ៩០ ០០០ ផោន និងព្យួរឈ្មោះ James មួយប្រកួតខាងមុខ។ សម្រេចថា គេនឹងត្រូវអវត្តមានប្រកួតទល់ Burnley នាចុងសប្តាហ៍តែម្តង យ៉ាងណាវាក៏គួបផ្សំគេមិនសូវស្រួលផ្នែកសាច់ដុំផងដែរ។
រំឭកជាថ្មី កីឡាករវ័យ ២៣ ឆ្នាំ ទើបតែបង្ហាញខ្លួនបានមួយប្រកួតគត់កន្លងមក ឈរជើង ៧៦ នាទីលើទីលាន។ សេសសល់ប៉ុន្មានកីឡាករកើតរបួស និងមិនត្រូវបានអ្នកចាត់ការលោក Mauricio Pochettino ផ្តល់ឱកាសឲ្យ៕