ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Jadon Sancho ត្រូវបានគេរាយការណ៍មកថាចង់វិលត្រឡប់ទៅកាន់ក្លិប Borussia Dortmund វិញ នៅពេលទីផ្សារដោះដូរកីឡាករ បើកឡើងវិញ ក្នុងខែមករា ខាងមុខ។
ជាក់ស្តែង កីឡាករវ័យ ២៣ ឆ្នាំរូបនេះ ត្រូវបានដកឈ្មោះចេញពីបញ្ជីក្រុម Man United បន្ទាប់ពីមានភាពរកាំរកូសជាមួយអ្នកចាត់ការ ក្រុមលោក Erik ten Hag ដោយសារតែឥរិយាបថមិនល្អរបស់គេ អំឡុងពេលហ្វឹកហាត់។
ហើយរហូតមកដល់ពេលនេះ នៅតែមិនទាន់មានដំណោះស្រាយណាមួយត្រូវបានធ្វើឡើងនោះឡើយ ខណ:របាយការណ៍ថ្មីៗនេះ បានអះអាងថា Sancho អាចនឹងចាកចេញពីក្រុមបិសាចក្រហម នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។
មិនតែប៉ុណ្ណោះ ប្រភពពី 90min បានអះអាងទៀតថា Sancho សង្ឃឹមថាគេអាចនឹងបញ្ចប់ការផ្លាស់ប្តូរទៅកាន់ក្លិប Dortmund វិញ ដែលជាកន្លែងគេបានចំណាយពេល ៤ ឆ្នាំមុនពេលចូលរួមជាមួយ Man United ក្នុងឆ្នាំ ២០២១។
ប្រភពដដែលនេះ បានរាយការណ៍ទៀតថាមានក្លិបអាល្លឺម៉ង់មួយចំនួន កំពុងបង្ហាញចំណាប់អារម្មណ៍ ប៉ុន្តែ Sancho កំពុងផ្តល់អាទិភាពពិសេសក្នុងការវិលត្រឡប់ទៅកាន់ Dortmund វិញ៕