បើតាមសារព័ត៌មាន The Mirror ចុះផ្សាយថា ក្លឹបម្ចាស់ដី Etihad Stadium កំពុងពិចារណាគិតដកចោលតម្លៃផ្តាច់កុងត្រា Buycout Clause របស់ Erling Haaland ក្នុងតួលេខព្រមព្រៀង ១៧៥,៥ លានផោននោះចោលវិញ ដ្បិតជឿថា វាអាចជារឿងងាយសម្រាប់ភាគីចង់បានដូចក្លឹបយក្ស Real Madrid និង Barcelona។
តួលេខប្រាក់ចំណាយប៉ុណ្ណោះ វាហាក់មិនធំធេងពេកទេ ប្រសិនណាក្លឹបធំនៅអឺរ៉ុបចង់ចាយផ្តាច់យកកីឡាករន័រវេសទៅចូលរួម។ នេះវាខុសពីកីឡាករដែលពុំមានតម្លៃផ្តាច់កុងត្រា គ្រប់យ៉ាងគឺត្រូវស្ថិតលើមាត់សម្រេចពីខាងភាគីក្លឹបមេ តែបើមានតម្លៃផ្តាច់កុងត្រា ទោះជាក្លឹបមេក៏មិនមានសិទ្ធដែរ នៅករណីក្លឹបចង់បាន ហ៊ានចាយដល់តួលេខកំណត់។
សម្រាប់បុរសវ័យ ២៣ ឆ្នាំ សព្វថ្ងៃកំពុងសកម្ម និងបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្លឹបដឹកនាំដោយអ្នកចាត់ការអេស្ប៉ាញលោក Pep Guardiola ដ្បិតបើប៉ុន្មានប្រកួតចុងក្រោយខ្សត់គ្រាប់ ក៏ជឿថាគុណភាពនៅតែមាន រយៈពេលយូរទៅមុខ ហើយតម្លៃ ១៧៥,៥ លានផោន ឬ ២០០ លានអឺរ៉ូ វាពិតជាងាយពេកហើយក្នុងការថ្ពក់គេចេញ។
ប្រភពបានឲ្យដឹងថា City កំពុងចរចាផ្តល់កុងត្រាថ្មីសន្លាងជូនកីឡាករ ដើម្បីឲ្យគេអាចឈរជើងច្រើនឆ្នាំទៅមុខ នៅក្លឹបអង់គ្លេស និងសំខាន់បំផុត ក្នុងកិច្ចព្រមព្រៀងថ្មីសុំដកចេញលក្ខខណ្ឌទិញផ្តាច់កុងត្រានោះចោល។ តែយ៉ាងណាវាស៊ីសងលើការសម្រេចរបស់ភាគី Haaland ផ្ទាល់ដែរ ដែលមានឪពុកនៅពីក្រោយជាភ្នាក់ងារដ៏ជំនិត៕