ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍មកថា នៅតែបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើកីឡាករ Joshua Kimmich ពីក្លិប Bayern Munich នៅរដូវកាលក្រោយ។
ជាការពិតណាស់ Kimmich កំពុងឈានដល់ឆ្នាំចុងក្រោយហើយ នៃកុងត្រាបច្ចុប្បន្នរបស់ខ្លួន នៅទឹកដី Allianz Arena ខណ:រហូតមកដល់ពេលនេះ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយនោះទេ ចំពោះការបន្តអនាគតរបស់គេទៀតឬយ៉ាងណា នៅទីក្រុង Munich នោះ។
ជុំវិញស្ថានភាព យោងតាមការចុះផ្សាយពី 90min បានរាយការណ៍មកថា ក្លិប Man City នៅតែបន្តរក្សាចំណាប់អារម្មណ៍របស់ខ្លួន ទៅលើខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះ ហើយកំពុងពិចារណាដាក់សំណើផ្ទេរយករូបគេ នៅពេលទីផ្សារដោះដូរបើកឡើងវិញ នៅរដូវក្តៅក្រោយ។
ប្រភពដដែលនេះ បានអះអាងទៀតថា គ្រូបង្វឹកលោក Pep Guardiola គឺជាអ្នកគាំទ្រយ៉ាងពេញទំហឹងមួយរបស់ Kimmich ជាពិសេសអំឡុងការចំណាយពេលជាមួយគ្នា នៅក្នុងក្លិបក្របខ័ណ្ឌ Bundesliga ៕