អ្នកចាត់ការលោក Erik ten Hag បានបង្ហាញការជឿជាក់ ថាស្ថានភាពដំណើររបស់ក្លឹបបិសាចក្រហម Manchester United សព្វថ្ងៃ គឺស្ថិតលើផ្លូវត្រូវ បើទោះបីដើមរដូវកាលរាងមានការជួបបញ្ហាបន្តិចបន្តួចក៏ពិតមែន។ ជាការលើកឡើងមុនឈានដល់ប្រកួតចុងសប្តាហ៍ទល់ Everton នៅ Premier League។
ពេលវេលានេះ ក្លឹបម្ចាស់ដី Old Trafford ឈរលេខ ៦ មាន ២១ ពិន្ទុ នៅចាញ់ ៥ ពិន្ទុធៀបនឹងក្លឹប Top 4 គឺ Tottenham Hotspur។ យ៉ាងណា យើងមើល ៥ ប្រកួតចុងក្រោយ ក្លឹបឈ្នះដល់ទៅ ៤ ដូចការលេងទល់ Brentford, Sheffield United, Fulham និង Luton Town ហើយនេះក៏រំពឹងនឹងធ្វើបានល្អម្តងទៀត នៅប្រកួតដំបូងក្រោយចប់ International Break ចុងសប្តាហ៍។
គ្រូសញ្ជាតិហូឡង់បានរៀបរាប់៖ “យើងបានឆ្លងមកដល់ដំណាក់កាល ១ ភាគ ៣ នៃរដូវកាលហើយ ចាប់ផ្តើមដំបូងមានភាពតានតឹងដូចបានឃើញ តែឥឡូវយើងកែស្ថានការណ៍មកល្អ មកស្ថិតលើផ្លូវត្រូវ ខ្ញុំគិតថាក្លឹបពេលនេះ កំពុងឈរលើគោលដៅត្រូវទៅមុខ យើងសាងភាពជឿជាក់ ក៏ជាទម្លាប់មួយហើយ”។
លោកបន្ត៖ “ខ្ញុំនៅតែជឿជាក់ថាក្រុមយើងនៅសល់ការផ្តល់ឲ្យច្រើនទៀត វាជាសញ្ញា និងដំណើរការល្អ ហើយនៅទីនេះ Premier League មិនមានប្រកួតងាយស្រួលឡើយ តែគ្រប់គ្នាក៏អាចនឹងធ្លាក់បាត់បង់ពិន្ទុនៅចំណុចណាមួយ”។ គួរឲ្យដឹងក្រៅពី PL នៅ UCL ឯណោះ ក៏ពួកគេត្រូវខិតខំខ្លាំងដើម្បីប្រជែងយកកៅអីឆ្ពោះទៅវគ្គបន្ទាប់ផងដែរ ពោលជាការជួប Galatasaray នៅពាក់កណ្តាលសប្តាហ៍បន្ទាប់ទៀត៕