បន្ទាប់ការស្មើ ៣-៣ ទល់ Galatasaray ដែលនាំឲ្យឱកាសរបស់ Man United ពិបាកទាំងបន្តនៅ Champions League និងកៅអីនៅ Europa Leauge ក៏ប្រហែលត្រូវបាត់បង់ដែរនោះ ត្រូវបានប្រធានក្រុម Bruno Fernandes និយាយចំៗ ថាក្រុមធ្វើអត់បានល្អមែន ហើយលេងគ្មានភាពឈ្លាសវៃទាល់តែសោះ។
ការរបូត ១១ គ្រាប់ក្រៅដី រកបាន ៩ គ្រាប់មកវិញ និងយកបានតែ ១ ពិន្ទុឲ្យត្រឹម ក្នុង ៣ ប្រកួត Champions League រដូវកាលនេះ នាំឲ្យ United ឈរនៅចំណាត់ថ្នាក់ក្រោមគេក្នុងពូល។ ប្រធានក្រុមសញ្ជាតិព័រទុយហ្គាល់លើកឡើងទៅកាន់ TNT Sports៖ “លទ្ធផលនេះ អាក្រក់ខ្លាំងណាស់ និយាយដោយស្មោះត្រង់”។
លោកបន្តថា៖ “អ្វីដែលយើងបានធ្វើនៅ Champions League ប៉ុណ្ណឹងអត់គ្រប់គ្រាន់ទេ យើងត្រូវតែគ្រប់គ្រងការប្រកួតឲ្យល្អជាងនេះ វាមិនមែនជាលើកដំបូងទេ យើងត្រូវយល់ច្បាស់អំពីប្រកួតអស់នេះ នៅវគ្គនេះ យើងត្រូវឈ្លាសវៃ និងធ្វើឲ្យបានល្អប្រសើរឡើង គ្រប់គ្នាជាអ្នកទទួលខុសត្រូវលើកំហុសដែលកើតមាន”។
គួរឲ្យដឹងថា ផ្លូវមួយគត់ដែល United អាចបង្កើតអភិនិហាឆ្លងផុតទៅកាន់វគ្គចែកពូល លុះត្រាតែគូ Copenhagen និង Galatasaray ស្មើគ្នាជាចាំបាច់ ដូចគ្នាសម្រាប់បិសាចក្រហម ត្រូវតែយកឈ្នះ Bayern Munich នៅ Old Trafford នាពាក់កណ្តាលខែខាងមុខ ឥតអាចប្រកែកបានឡើយ៕