ក្ដីរំពឹងរបស់ក្លិប Real Madrid ក្នុងការចុះហត្ថលេខាផ្ទេរ តារាឆ្នើម Alphonso Davies ពីក្លិប Bayern Munich នាឆ្នាំ២០២៤ អាចជួបនឹងឧបសគ្គ។
ក្លិបអធិរាជស មានគម្រោងក្នុងការដាក់សំណើផ្ទេរ កីឡាករជម្រើសជាតិកាណាដា នៅក្នុងទីផ្សារនាខែមករា ឬរង់ចាំរហូតដល់ដើមរដូវកាល ២០២៤-២៥ ប៉ុន្ដែក្លិបយក្សអាល្លឺម៉ង មិនមានគម្រោងក្នុងការលក់តារាឆ្នើមរបស់ពួកគេឡើយ។
មានការរាយការណ៍កន្លងមកថា ក្លិបជើងឯក Bundesliga មានការបើកចំហរក្នុងការចរចាជាមួយ Davies ដើម្បីបន្ដកិច្ចសន្យាថ្មី ស្របពេលដែលកុងត្រាបច្ចុប្បន្នរបស់គេ នឹងផុតសុពលភាពនាឆ្នាំ២០២៥។
ទោះមិនទាន់ឈានដល់ការព្រមព្រៀងកុងត្រាថ្មី ជាមួយកីឡាករវ័យ២៣ឆ្នាំ អ្នកចាត់ការ Thomas Tuchel ពុំមានក្ដីបារម្ភអ្វីឡើយចំពោះអនាគតរបស់ Davies។
យោងតាមប្រភពពី Mundo Deportivo អ្នកចាត់ការរបស់ Bayern បាននិយាយថា៖ “គេជាកីឡាកររបស់យើង ហើយពិតជាកីឡាករដ៏សំខាន់។ គេដឹងថាយើងឱ្យតម្លៃដល់គេប៉ុណ្ណាហើយ”។
“សម្រាប់ខ្ញុំ រយៈពេលនៃកុងត្រារបស់កីឡាករមិនបានផ្លាស់ប្ដូរអ្វីឡើយ។ គេលេងដោយទៀងទាត់ ហើយបន្ដធ្វើបែបនេះ នៅក្នុងកម្រិតដ៏ខ្ពស់។ ខ្ញុំជឿជាក់លើអ្នកគ្រប់គ្រងផ្នែកកីឡា សម្រាប់រឿងនេះ។ គេជាកីឡាករវ័យក្មេង យើងបានភ្លេចពីរឿងនេះ។ គេមានរឿងដែលត្រូវពង្រឹងបន្ថែមគ្រប់វិធី”៕