គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បាននិយាយថា Jadon Sancho ច្បាស់ជាដឹងរួចហើយពីអ្វីដែលគេត្រូវធ្វើ ដើម្បីអាចវិលត្រលប់មកលេងឲ្យក្រុមវិញ នៅ Old Trafford ។
ជាក់ស្តែងកីឡាករវ័យ ២៣ ឆ្នាំរូបនេះ មិនបានបង្ហាញខ្លួនឱ្យក្រុមបិសាចក្រហមតាំងពីចុងខែសីហាមកម្ល៉េះ ក្រោយមានភាពរកាំរកូសជាមួយអ្នកចាត់ការក្រុមលោក Ten Hag ហើយរហូតមកដល់ពេលនេះ នៅតែមិនទាន់ដោះស្រាយចេញនៅឡើយ។
ហើយយ៉ាងណាមិញ ជុំវិញស្ថានភាពនេះហើយ ទើប Sancho ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងអាចចាកចេញក្លិបក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា បើកឡើងវិញ។
ប៉ុន្តែទោះជាយ៉ាងណា ដោយត្រូវបានគេសួរអំពីកីឡាករសញ្ជាតិអង់គ្លេសរូបនេះ លោក Ten Hag បានបង្ហាញថា លទ្ធភាពនៃការវិលត្រលប់មកកាន់ក្រុមវិញ គឺអាស្រ័យទៅលើ Sancho ខ្លួនឯងប៉ុណ្ណោះ ហើយគេច្បាស់ជាដឹងរួចហើយពីអ្វីដែលគេត្រូវធ្វើ ៕