បើតាមសារព័ត៌មាន Relevo ចុះផ្សាយ ប្រធានក្រុមប្រឹក្សាភិបាលក្លឹប Manchester United កំពុងសម្លឹងស្វែងរកអ្នកចាត់ការថ្មី ហើយក្នុងចំណោមបេក្ខភាពធំៗជាច្រើន ក៏មានគ្រូសញ្ជាតិអេស្ប៉ាញ Julen Lopetegui ត្រៀមនឹងយកមកជំនួសកន្លែងគ្រូសញ្ជាតិហូឡង់ លោក Erik ten Hag។
បន្ទាប់តែពី Ten Hag មិនអាចស្វែងរកដំណោះស្រាយជូនក្លឹបឲ្យល្អប្រសើរឡើងទាល់តែសោះ ធំបំផុតគឺការរបូតកៅអីឆ្ពោះទៅវគ្គបន្ទាប់ ១៦ ក្រុម Champions League និងអត់ទាំងសូម្បីកៅអី Europa League ថែមទៀត។
តាមប្រភពខាងលើ Lopetegui កំពុងស្ថិតក្នុងដំណើរចរចា ដ្បិតកន្លងមកក៏ល្ហៀងៗកៀកនឹងទៅដឹកនាំ Al-Ittihad ចុះឡើងក៏លោក Marcelo Gallardo ទទួលបានតំណែងនោះទៅវិញ។ នេះគេជឿលើគុណភាព Lopetegui ដ្បិតធ្លាប់ឈ្នះពាន Europa League ជាមួយ Sevilla ហើយចុងក្រោយក៏ឆ្លងបទពិសោធន៍ជាមួយក្លឹបនៅ Premier League ស្រាប់គឺ Wolves ផងដែរ។
លោកបានទំនេរជើងតាំងខែសីហា ឆ្នាំ ២០២៣ គិតមកទល់ពេលនេះចូល ៤ ខែ។ ក្រៅតែបេក្ខភាពសញ្ជាតិអេស្ប៉ាញ ក៏ល្ហៀងៗអាចមានគ្រូបារាំង Zinedine Zidane ជាគ្រូទំនេរជើងមួយរូបផ្សេងទៀតដែរ។ យ៉ាងណាលទ្ធផល មានតែរង់ចាំមើលទាំងអស់គ្នាពេលខាងមុខ។
គួរឲ្យដឹងថា បុរសវ័យ ៥៣ ឆ្នាំ បានមកដឹកនាំក្លឹប Man United ចំនួនមួយរដូវកាលមកហើយ តាំងខែកក្កដា ឆ្នាំ ២០២២ ខណៈសុពលភាពកុងត្រាសេសសល់ដល់ចុងខែមិថុនា ឆ្នាំ ២០២៥ ឯណោះ។ សរុបស្ថិតិដឹកនាំ ៨៦ ប្រកួត ឈ្នះ ៥៣ ស្មើ ៩ និងចាញ់ ២៤ លើក ហើយឈ្នះពាន League Cup មួយលើក៕