ប្រធានជាន់ខ្ពស់ក្របខ័ណ្ឌកំពូលអារ៉ាប៊ីសាអូឌីតលោក Michael Emenalo បានអះអាងដល់ឈ្មោះតារាឆ្នើមបាល់ទាត់ទាំង ៤ សុទ្ធតែស្ថិតក្នុងគោលដៅ បណ្តាក្លឹបនៅ Saudi Pro League ចង់បានពេលខាងមុខ ដ្បិតបើកន្លងមកយកបានកីឡាករកំពូលជាច្រើនហើយក៏ដោយ។
បញ្ជាក់ឲ្យបងប្អូនដឹងបន្តិច Emenalo ចូលមកកាន់តំណែងខាងលើ កាលពីដើមឆ្នាំ ២០២៣ បន្ទាប់តែធ្លាប់ឆ្លងកាត់ជានាយកបច្ចេកទេសនៅក្លឹបតោខៀវ Chelsea ចន្លោះឆ្នាំ ២០១១ ដល់ ២០១៧។ បុរសសញ្ជាតិនីហ្សេរីយ៉ាក៏ចូលរួមចំណែកធំ ក្នុងដំណើរយកបានកីឡាករធំៗមួយរយៈមុន មានតាំងពី Neymar, Fabinho, Riyad Mahrez, Aleksandar Mitrovic និង Sadio Mane ជាដើម។
បញ្ជាក់ប្រាប់ប៉ុស្តិ៍ Sky Sports លោក Emenalo លើកឡើងថា៖ “Mo Salah ក៏ដូច Lionel Messi, Karim Benzema, Cristiano Ronaldo និងដូច Kevin de Bruyne កីឡាករទាំងអស់នេះ ឲ្យតែយើងដឹងថាពួកគេទំនេរ យើងនឹងចូលទៅស្តាប់សំណើចរចាទាំងឡាយ”។
លោកបន្តថា៖ “យើងក៏យល់អំពីស្ថានភាព Mo ដែលរីករាយនៅក្លឹបបច្ចុប្បន្ន Liverpool ដូច្នេះយើងមិនដាក់សម្ពាធលើគេឡើយ តែវាជាផ្នែកមួយដែលយើងព្យាយាមកសាងអនាគត អ្នកក៏នឹងមិនអាចបដិសេធការចង់បាន Kylian Mbappe ដែរ ប្រសិនគេពេញចិត្តនឹងមកចូលរួមជាមួយពួកយើង”៕