វីរបុរសក្រុមបិសាចក្រហម Manchester United លោក Gary Neville បានបង្ហាញក្តីរំពឹងទុកថាក្រុមកាំភ្លើងធំ Arsenal នឹងអាចឈ្នះពានរង្វាន់ Premier League នៅរដូវកាលនេះ ក្រោយធីបចោលឈ្មោះ Liverpool ។
ការលើកឡើងបែបនេះ បន្ទាប់ពីក្រុមហង្សក្រហមប្រកួតបានត្រឹមស្មើ ០–០ ទល់នឹង Manchester United កាលពីយប់ថ្ងៃអាទិត្យនៅកីឡដ្ឋាន Anfield ។ ទោះបីជាបានព្យាយាមស៊ុតដល់ទៅ ៣៨ ជើងលើ Man Utd ក្តី តែក្រុមរបស់លោក Jurgen Klopp នៅតែមិនអាចទម្លាយសំណាញ់ទីបាននោះឡើយ។
ហើយយ៉ាងណាមិញ ជាមួយនឹងក្រុម Arsenal ដែលទទួលបានជ័យជម្នះយ៉ាងងាយស្រួល ២–០ ទល់នឹង Brighton នៅទឹកដី Emirates ថ្មីៗនេះ បានធ្វើឲ្យ Liverpool បានធ្លាក់ទៅចំណាត់ថ្នាក់លេខ២វិញ និងកំពុងមានមួយពិន្ទុតាមពីក្រោមក្រុមរបស់លោក Mikel Arteta ។
ដោយឡែកនៅពេលត្រូវបានគេស្នើសុំឲ្យដាក់ឈ្មោះក្រុមដែលអាចឈ្នះ Premier League សម្រាប់រដូវកាលនេះ លោក Neville បានប្រាប់ Sky Sports ថា ៖ ” ខ្ញុំមិនគិតថា Liverpool នឹងឈ្នះពានលីគនោះទេ។ ខ្ញុំធ្លាប់បាននិយាយរួចហើយថា Arsenal នឹងជាក្រុមមានភាគរយច្រើន ខណៈពេលដែល Man City កំពុងជួបប្រទះបញ្ហា” ៕