តារាឆ្នើមរបស់ក្លឹប AS Roma គឺ Paulo Dybala ចាប់ពីថ្ងៃទី ០១ មករា ឆ្នាំ ២០២៤ តទៅ គេកំណត់ត្រូវមានតម្លៃខ្លួនទាប ផ្អែកទៅតាមដំណើរការ Release Clause ត្រូវ Active ត្រឹម ១៣ លានអឺរ៉ូប៉ុណ្ណោះឯង។ តែលក្ខខណ្ឌនេះ អាចបានតែក្លឹបក្រៅដីអ៊ីតាលីប៉ុណ្ណោះធ្វើការសម្រេចយក បើក្លឹបនៅ Serie A គឺ No។
តាមសារព័ត៌មាន Tuttomercatoweb ចុះផ្សាយ កន្លងមកមានក្លឹប Liverpool ជាដើម ក៏តាមចែចូវចង់បាន Dybala តាំងគេនៅ Juventus ឆ្នាំ ២០២២ មកម្ល៉េះ អ៊ីចឹងពេលនេះ ជាដំណឹងល្អហើយ ជាមួយតម្លៃផ្តាច់កុងត្រាទាប ប្រសិនជាហង្សក្រហមនៅចង់បាន ក៏សម្រាប់ក្លឹបដទៃដូចគ្នា។
ក្រោមការដឹកនាំរបស់លោក Jose Mourinho កីឡាករវ័យ ៣០ ឆ្នាំ សេសសល់កុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៥ ក៏ប៉ុន្តែបញ្ជាក់ តម្លៃផ្តាច់កុងត្រាខាងលើ ១៣ លានអឺរ៉ូ មិនអាចអនុវត្តទៅបាន ជាមួយភាគីចង់បាន នៅឯទឹកដីអ៊ីតាលីឡើយ ឧទាហរណ៍៖ ដូចករណី Juventus ចង់បានទៅវិញក៏ដោយ ក៏ត្រូវចរចាពេញថ្លៃ អាចលើសពីតួលេខនោះ។
រំឭកដែរថា Dybala ហាក់មិនមានចិត្តចង់ចាកចេញទេ បើតាមសញ្ញាវិជ្ជមាននៃភាពរីករាយបង្ហាញប្រាប់អ្នកគាំទ្រ AS Roma៖ “ខ្ញុំតែងតែមានចិត្តស្រលាញ់ Roma តាំងពីនៅតូច ខ្ញុំនៅឆ្ងាយពីទីនេះ អត់ស្គាល់ទីក្រុងនេះទេ តែអ្វីដែលបានឃើញ គឺពិតជាចូលចិត្ត រាប់ជាទីក្រុងដែលខ្ញុំស្រលាញ់ដាច់គេមួយហើយក្នុងលោកយើង”៕