យោងតាមអ្នកកាសែត Matteo Moretto បានបង្ហើបថាក្លិប Al-Ittihad របស់ខ្សែប្រយុទ្ធ Karim Benzema កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើអ្នកចាំទី Marc-Andre ter Stegen របស់ក្លិប Barcelona ។
លោក Moretto បាននិយាយទៀតថាក្លឹបនៅក្នុងក្របខ័ណ្ឌ Saudi Pro League មិនទាន់បានធ្វើការទាក់ទងទៅកាន់ក្លិបយក្សកាតាឡាន់នៅឡើយនោះទេ ខណៈដែលពួកគេនៅតែកំពុងបន្តទាក់ទងជាមួយក្រុមកាងាររបស់អ្នកចាំទីរូបនេះផ្ទាល់ ជុំវិញការផ្ទេរដែលអាចកើតឡើង នៅរដូវក្តៅខាងមុខ។
យោងតាមប្រភពជាច្រើន បានបង្ហាញថាកីឡាករសញ្ជាតិអាឡឺម៉ង់អាចនឹងត្រូវក្លិប Barca ពិចារណាលក់ចេញ ដើម្បីបំពេញតាមច្បាប់ La Liga Financial Fair Play ខណ:យោងតាម ESPN បានអះអាងទៀតថា កីឡាករផ្សេងទៀតដូចជា Frenkie de Jong, Jules Kounde និង Raphinha អាចនឹងត្រូវចាកចេញផងដែរ។
ជម្រាបជូនផងដែរថា Ter Stegen បានមកទឹកដី Camp Nou ពីក្រុម Borussia Monchengladbach កាលពីរដូវក្តៅឆ្នាំ២០១៤ ក្នុងតម្លៃខ្លួន ១២លានអឺរ៉ូ ហើយចាប់តាំងពីពេលនោះមកគេបានបង្ហាញខ្លួនសរុបចំនួន ៣៩៨ ប្រកួត៕