១០ប្រកួតក្នុងលីគ ក្លិបភ្នំពេញក្រោន មិនទាន់ចាញ់ម្ដងណាឡើយ ខណៈ វិសាខា ឈ្នះ៨ ចាញ់២។ ក្នុងសន្និសីទមុនប្រកួត នាថ្ងៃទី៨ ខែវិច្ឆិកា នៅកីឡដ្ឋានព្រីនស៍ លោក Oleg Starynskyi និយាយថា វិសាខា ជារៀងរាល់រដូវកាល តែងតែប្រកួតប្រជែងខ្លាំង ហើយប្រកៀកប្រកិតជាមួយនឹងក្រុមជើងឯក។ គ្រូបង្វឹកភ្នំពេញក្រោនរូបនេះ បន្ថែមទៀតថា ការប្រកួតលីគរដូវកាលនេះ វិសាខា មានទម្រង់លេងល្អខ្លាំង ហើយកាន់តែខ្លាំងពីមួយប្រកួត ទៅមួយប្រកួត ជាពិសេសការវាយបកលឿនៗ ជាមួយកីឡាករ ដែលមានគុណភាពខ្ពស់។
លោក Oleg Starynskyi បាននិយាយដូច្នេះថា៖«វិសាខា មានសមត្ថភាពប្រជែងយកជើងឯក ហើយជារៀងរាល់រដូវកាល ក្រុមនេះគឺប្រកៀកប្រកិតទៅទៅនឹងការឈ្នះពាន។ វិសាខា ពង្រឹងខ្លាំងពីមួយប្រកួតទៅមួយប្រកួត។ គេមានប្រព័ន្ធលេងល្អ ហើយលេងលឿន សូម្បីតែពេលគេគ្រប់គ្រងបាល់ក៏ល្អដែរ។ ដូច្នេះ នេះគឺជាគ្រោះថ្នាក់មួយសម្រាប់យើង នៅពេលគេចាប់ផ្ដើមប្រយុទ្ធ។»។
រីឯខ្សែបម្រើស្លាបស្ដាំរបស់ភ្នំពេញក្រោន កីឡាករ សឿត បារាំង បានសរសើរពីគុណភាពកីឡាករក្រុមវិសាខា ទាំងកីឡាករជាតិ និងអន្ដរជាតិ សុទ្ធតែមានបច្ចេកទេសល្អ ហើយតែងតែដាក់សម្ពាធទៅគូប្រកួតជានិច្ច។ ខ្សែបម្រើរូបនេះ បន្ថែមថា ការប្រកួតនេះ នឹងមិនងាយស្រួលទេសម្រាប់ភ្នំពេញក្រោន ក្នុងការយកជ័យជម្នះ។
សឿត បារាំង បាននិយាយដូច្នេះថា៖« យើងដឹងថាវិសាខា គឺជាក្រុមតែងតែប្រកួតប្រជែងពានខ្លាំង។ ពួកគេមានកីឡាករមិនថាខ្មែរ និងបរទេសសុទ្ធតែល្អៗ។ ដូច្នេះនៅពេលលេង ពួកគេតែងដាក់សម្ពាធទៅលើក្រុមផ្សេង គឺមិនឲ្យក្រុមផ្សេងលេងស្រួលទេ។»។
ក្នុងសន្និសីទសារព័ត៌មានដដែលនេះ លោក Kalns Jurgis គ្រូបង្វឹកក្លិបវិសាខា មិនបារម្ភពីខ្សែបម្រើកណ្ដាលភ្នំពេញក្រោន ដែលតែងតែបង្កើតឱកាសឲ្យក្រុមគេឡើយ។ ប៉ុន្ដែ លោក Kalns Jurgis យល់ថាកីឡាករភ្នំពេញក្រោន សុទ្ធតែមានគុណភាពលេងល្អ ហើយអាចជំនួសតួនាទីគ្នាលេងបាន។ «ភ្នំពេញក្រោន មិនមែនរំពឹងតែលើ Yudai តែម្នាក់ទេ ប៉ុន្ដែក្រុមរបស់ពួកគេសុទ្ធតែមានកីឡាករគុណភាព ដែលអាចផ្លាស់ប្ដូគ្នាបាន។»។ គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ គិរីវង់សុខសែនជ័យ ត្រូវប៉ះជាមួយ ណាហ្គាវើលដ៍ វេលេម៉ោង៣:៣០រសៀល នៅកីឡដ្ឋានគិរីវង់។
គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី១១ ភ្នំពេញក្រោន ឈរនៅចំណាត់ថ្នាក់លេខ១ (បណ្ដោះអាសន្ន) មាន៣០ពិន្ទុ ខណៈ វិសាខា ឈរនៅលេខ២ មាន២៤ពិន្ទុ។ រីឯអង្គរថាយហ្គឺរ ក្លិបដែលមានទីតាំងសៀមរាបនេះ ឈរនៅលេខ៣ មាន១៩ពិន្ទុ តាមពីក្រោយដោយព្រះខ័នរាជស្វាយរៀង ចំណាត់ថ្នាក់លេខ៤ មាន១៨ពិន្ទុ ស្មើជាមួយលេខ៥ ណាហ្គាវើលដ៍។
ចំណែកចំណាត់ថ្នាក់លេខ៦ ក្លិបបឹងកេត មាន១៤ ពិន្ទុ ខណៈលេខ៧ កងយោធពលខេមរភូមិន្ទ មាន១៣ពិន្ទុ។ អាយ អេស អាយ ដង្កោសែនជ័យ ក្រុមនេះ កំពុងឈរនៅលេខ៨ មាន១១ពិន្ទុ។
ដោយឡែក ក្រុមទើបឡើងពីលីគ២ មកលីគកំពូលកម្ពុជា២ក្រុម គឺសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ស្ថិតនៅលេខ៩ មាន៤ពិន្ទុ និងឡាយហ្វព្រះសីហនុ លេខ១០ មាន២ពិន្ទុ។ រីឯ គិរីវង់សុខសែនជ័យ ស្ថិតនៅបាតតារាង មាន១ពិន្ទុ៕