Mohamed Salah បានតាមស្មើកំណត់ត្រារបស់ Thierry Henry ក្នុងការរកគ្រាប់បាល់សរុបនៅក្នុងពានរង្វាន់អឺរ៉ុប សម្រាប់ក្លិបនៅអង់គ្លេស ក្រោយរកបានមួយគ្រាប់ ក្នុងការប្រកួតទល់នឹង LASK Linz។
ក្រុមហង្សក្រហម បានវាយបកយកឈ្នះក្រុមមកពីអូទ្រីស ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃព្រហស្បតិ៍ ពីគ្រាប់បាល់របស់ Darwin Nunez, Luis Diaz និង Salah។
គ្រាប់បាល់របស់ខ្សែប្រយុទ្ធអេហ្ស៊ីប ក្នុងជំនួបបើកឆាក Europa League ជាគ្រាប់បាល់ទី៤២របស់គេសម្រាប់ក្រុម Liverpool ក្នុងប្រកួតពានអឺរ៉ុប ដែលស្មើនឹងគ្រាប់បាល់ដែល Henry រកបានសម្រាប់ Arsenal។
ប្រកួតបន្ទាប់នៅក្នុងពាន Europa League ក្រុមរបស់លោក Jurgen Klopp នឹងជួបប្រកួតទល់ Union Saint-Gilloise នាថ្ងៃទី៥ ខែតុលា ដែលអាចជាឱកាសសម្រាប់ Salah ក្នុងការក្លាយជាម្ចាស់កំណត់ត្រាគ្រាប់បាល់ សម្រាប់ក្លិបអង់គ្លេសក្នុងពានអឺរ៉ុប៕