ថ្មីៗនេះ អតីតកីឡាករ Sergio Aguero បានសារភាពថារូបគេចង់ឃើញគ្រូបង្វឹករបស់ក្រុម Manchester City លោក Pep Guardiola ចូលទៅកាន់តំណែងនៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន។
ជាក់ស្តែង គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានដឹកនាំក្រុមឱ្យឈ្នះពានរង្វាន់ក្នុងស្រុក និងអន្តរជាតិជាច្រើន ហើយត្រូវបានចាត់ទុកថាជាអ្នកចាត់ការដ៏ល្អបំផុតមួយ ទៅលើពិភពលោកថែមទៀតផង ។
ដោយត្រូវបានសួរនាំថាចង់ឃើញលោក Pep ចូលទៅដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនដែរឬអត់ Aguero បានឆ្លើយតបទៅកាន់ Stake ថា ៖ ” ជាក់ស្តែងក្នុងនាមជាកីឡាករអាហ្សង់ទីន បាទ វាពិតជាល្អណាស់ ប្រសិនបើគាត់អាចធ្វើជាគ្រូបង្វឹកជម្រើសជាតិអាហ្សង់ទីន ប៉ុន្តែខ្ញុំមិនដឹងទេ។ ហើយជាក់ស្តែងនាពេលបច្ចុប្បន្ននេះ ដោយសារខ្ញុំជាអតីតកីឡាករ និងជាអ្នកគាំទ្រម្នាក់ ដូច្នេះហើយ វានឹងជារឿងដ៏ល្អបំផុត “ ។
គេបន្តទៀតថា ៖ ” ប៉ុន្តែ យើងត្រូវចាំមើលថា តើគាត់នឹងចង់ទៅណា ការប្រកួតប្រជែងណាមួយ ដែលគាត់ចង់បាន។ ហើយប្រាកដណាស់ ក្នុងនាមជាអ្នកចាត់ការម្នាក់ គឺចង់ទៅកាន់តំណែងនៅជម្រើសជាតិ និងចង់នាំយកមកនូវភាពជោគជ័យ “៕