ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Real Madrid កីឡាករ Rodrygo ត្រូវបានគេរាយការណ៍មកថា បានក្លាយជាគោលដៅផ្ទេរដ៏សំខាន់បំផុត សម្រាប់ក្លិប Paris Saint-Germain ប្រសិនបើ Kylian Mbappe សម្រេចចិត្តចាកចេញ នៅឆ្នាំក្រោយ។
ជាការពិតណាស់ Mbappe ដែលត្រូវបានផ្សារភ្ជាប់ជាយូរមកហើយ ជាមួយនឹងការផ្លាស់ប្តូរដ៏ធំទៅកាន់ទឹកដី Bernabeu នោះ បានប្រាប់ក្រុមម្ចាស់ជើងឯកបារាំង នៅរដូវក្តៅនេះថា គេនឹងមិនបន្តកិច្ចសន្យារបស់ខ្លួន ឱ្យលើសពីរដូវកាលនេះនោះឡើយ ដែលនេះមានន័យថាគេអាចដើរចេញពីក្លិបដោយសេរី នៅពេលទីផ្សាររដូវក្តៅបើកឡើងវិញ នៅរដូវក្តៅឆ្នាំក្រោយ ។
ទន្ទឹមនឹងទំនាក់ទំនងដ៏ជិតស្និទ្ធរវាង Mbappe និងក្លិបយក្សអេស្ប៉ាញនេះ បើតាមការចុះផ្សាយពី Defensa Central បានអះអាងថា PSG អាចព្យាយាមសងសឹកទៅលើ Madrid វិញ ជាមួយនឹងការទាញយក Rodrygo មកកាន់ក្លិបរបស់ខ្លួន ។
ជម្រាបជូនផងដែរថា កីឡាករវ័យ ២២ ឆ្នាំរូបនេះ បានរីកចម្រើនយ៉ាងខ្លាំង និងក្លាយជាផ្នែកដ៏សំខាន់បំផុតសម្រាប់ក្រុមរបស់លោក Carlo Ancelotti ចាប់តាំងពីចូលរួមនៅក្នុងឆ្នាំ ២០១៩ មក ដោយរហូតមកដល់ពេលនេះ គេអាចរកបាន ៣៨ គ្រាប់ និង assist ៣២ លើក៕