លោក Pep Guardiola ថ្មីៗនេះ ថាដាក់ឈ្មោះ Rico Lewis ថាជាកីឡាករល្អបំផុត ដែលលោកធ្លាប់បានបង្វឹក ក្នុងនាមជាអ្នកចាត់ការទូទៅ បន្ទាប់ពីកីឡាករវ័យក្មេងរូបនេះ បានរួមចំណែកយ៉ាងធំធេង ក្នុងជ័យជម្នះដោយលទ្ធផល ៣–១ នៅ Champions League ទល់ក្រុម RB Leipzig ។
ជាការពិតណាស់ Lewis បានបង្ហាញភាពប៉ិនប្រសប់របស់គេ ចាប់តាំងពីបានចូលក្នុងឈុតធំរបស់លោក Guardiola កាលពីរដូវកាលមុន ខណ:គេថែមទាំងត្រូវបានគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ ផ្តល់ការទុកចិត្តដាក់ឱ្យលេងជម្រើសដំបូងក្នុងតំបន់ការពារ រួមជាមួយ Rodri នៅទឹកដី Red Bull Arena យប់មិញផងដែរ។
មិនតែប៉ុណ្ណោះ ដោយបាននិយាយអំពីគុណផលលេងដ៏គួរឲ្យចាប់អារម្មណ៍របស់ Lewis ក្នុងបទសម្ភាសន៍ជាមួយ TNT Sports លោក Guardiola បាននិយាយថា ៖ ” គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់។ ខ្ញុំបានធ្វើជាអ្នកចាត់ការក្រុមអស់រយៈពេល ១៤, ១៥ ឆ្នាំមកហើយ ជាមួយនឹងការបង្វឹកកីឡាករអស្ចារ្យៗជាច្រើន “។
លោកបន្តថា ៖ ” សម្រាប់ Lewis គាត់គឺជាកីឡាករល្អបំផុតមួយ ដែលខ្ញុំធ្លាប់បង្វឹកនាពេលកន្លងមក។ គាត់ជាមនុស្សចេះដាក់ខ្លួន មិនចេះនិយាយច្រើន ប៉ុន្តែគាត់តែងទទួលបានកាកោតសរសើរពីសំណាក់មិត្តរួមការងារទាំងអស់ ” ៕