កាលធ្លាប់ឈរជើងនៅក្របខ័ណ្ឌបារាំង Ligue 1 តារាឆ្នើម Mario Balotelli ធ្លាប់តែឈរជើងឲ្យក្លឹប Marseille និង Nice ហើយអំពីមូលហេតុគេមិនទៅចុះចូលនៅ Paris Saint-Germain ថាមកពីមិនបានដើរតាមបេះដូង ណាមួយមកពីប្រាក់ឈ្នួលមិនទាន់ដល់កម្រិតអូសចិត្តគេបាន។
ស្របពេលដែលសព្វថ្ងៃកីឡាករសញ្ជាតិអ៊ីតាលី មិនទាន់ប្រកាសព្យួរស្បែកជើងពីបាល់ទាត់នៅឡើយ ហើយកំពុងឈរជើងឲ្យក្លឹប Adana Demirspor និងទើបតែរកបាន ២ គ្រាប់ក្នុងការប្រកួតនាចុងសប្ដាហ៍កន្លងទៅនេះ។
យ៉ាងណាបុរសវ័យ ៣៣ ឆ្នាំ បានសារថយក្រោយនិយាយប្រាប់ TvPlay យ៉ាងដូច្នោះថា៖ “អ្វីដែលបានកើតឡើងពាក់ព័ន្ធ PSG ជាមួយខ្ញុំ ជាការពិត វាអត់អាចទៅរួចទេ ត្រង់ខ្ញុំពេលនោះលេងឲ្យ Marseille និង Nice គឺគ្មានផ្លូវទៅក្លឹបផ្សេងពីនោះ”។
លោកបន្ត៖ “តែយ៉ាងណាវាអាចទៅរួចបានដែរ បើ PSG ផ្តល់សំណើប្រាក់ឈ្នួល ១០ លានអឺរ៉ូមកកាន់ខ្ញុំ ជាការពិតខ្ញុំនឹងទទួលយក ទំហំប្រាក់ ១០ លានអឺរ៉ូ ខ្ញុំក៏នឹងទៅចូលរួមជាមួយក្លឹបបងប្អូនប្រុសខ្ញុំ ហើយលេងនៅទីនោះតែម្តង”៕