ក្លិបសេះបង្កង់ Juventus ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា មានឆន្ទ:ក្នុងការទាញយកខ្សែប្រយុទ្ធ Jadon Sancho ចេញពីក្រុមបិសាចក្រហម Manchester United នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ ក្នុងខែមករាខាងមុខ។
ជាក់ស្តែង អតីតកីឡាករក្រុម Borussia Dortmund រូបនេះ ត្រូវបានដកឈ្មោះចេញពីបញ្ជីឈ្មោះរបស់ក្រុម អស់រយៈពេលជាងមួយខែហើយ បន្ទាប់ពីបាននិយាយរិះគន់ជាសាធារណៈលើអ្នកចាត់ការក្រុម លោក Erik ten Hag ជុំវិញការអវត្តមានរបស់ខ្លួន ក្នុងអំឡុងជួបទល់ក្រុម Arsenal កាលពីខែមុន។
គួរឱ្យដឹងថា Sancho នៅតែស្ថិតក្រោមកិច្ចសន្យានៅទឹកដី Old Trafford រយ:ពេលបីរដូវកាលទៀត ប៉ុន្តែប្រសិនបើគ្មានដំណោះស្រាយណាមួយត្រូវបានធ្វើឡើងទេនោះ ការចាកចេញនៅឆ្នាំដើមឆ្នាំក្រោយ ហាក់ដូចជាចៀសមិនរួចនោះឡើយសម្រាប់កីឡាករវ័យ ២៣ ឆ្នាំរូបនេះ។
ហើយឥឡូវនេះ បើយោងតាមគេហទំព័រ The Sun បានបង្ហាញឱ្យដឹងថា ក្លិបយក្សអ៊ីតាលី Juventus ចង់នាំយក Sancho ទៅកាន់ក្របខ័ណ្ឌ Serie A នៅពាក់កណ្តាលរដូវកាលនេះ ដោយនឹងដាក់សំណើប្រមាណ ៦០លានផោន សម្រាប់ការចុះហត្ថលេខាលើលក្ខខណ្ឌអចិន្ត្រៃយ៍ នៅពេលទីផ្សារបើកឡើងវិញ៕