Tuesday, June 24, 2025
[the_ad_group id="102"]

Xabi Alonso មាន​កិច្ច​ព្រមព្រៀង​សម្ងាត់​ផ្សារភ្ជាប់​ទៅ Liverpool បើ​ទោះ​បី​កំពុង​ដឹកនាំ Leverkusen

ជា​ការ​ពិត​អ្នកចាត់ការ​លោក Xabi Alonso សព្វថ្ងៃ​កំពុង​បង្ហាញ​ទម្រង់​ដឹកនាំ​ក្លឹប​អាល្លឺម៉ង់ Bayer Leverkusen បាន​យ៉ាង​ល្អ តែ​ពេល​ទៅ​មុខ​អាច​នឹង​មាន​ការ​ផ្លាស់ប្តូរ ដ្បិត​មួយ​រយៈ​ក្រោយ​ក៏​ល្ហិចល្ហៀង​ចចាមអារ៉ាម​អាច​វិល​ទៅ​ក្លឹប​ចាស់ ដូច Real Madrid ជា​ដើម។

យ៉ាង​ណា​ការ​ផ្សារភ្ជាប់​ទៅ​ក្លឹប​ហង្ស​ក្រហម Liverpool ជា​អតីត​ក្លឹប​មួយ​ដែរ​នោះ ក៏​មាន​ដូច​គ្នា ហើយ​វា​ស្ថិត​ក្នុង​កិច្ច​ព្រមព្រៀង​តាំង​ពី​ដំបូង នៅ​ថ្ងៃ​ដែល​បុរស​សញ្ជាតិ​អេស្ប៉ាញ បាន​ចុះ​ហត្ថលេខា​ក្លាយ​ជា​អ្នកចាត់ការ​ឲ្យ​ក្លឹប​ខាង​លើ។

បើ​តាម​សារព័ត៌មាន Bild ចុះ​ផ្សាយ បើ​ទោះ​បី Alonso ជាប់​កុងត្រា​នៅ Leverkusen តែ​ក្នុង​ពេលវេលា​នៃ​រដូវ​ក្តៅ​ខាង​មុខ គឺ​លោក​អាច​មាន​ជម្រើស​អាទិភាព ចាកចេញ​ទៅ​ដឹកនាំ Liverpool ដោយ​ចិត្ត​ឯង​បាន ពោល​មិន​ចាំ​បាច់​ឆ្លង​កាត់​ការ​ចរចា​រវាង​ភាគី​ក្លឹប​អាណាព្យាបាល​ឡើយ។ មាន​ន័យ​ថា បើ​ទៅ​ថ្ងៃ​មុខ Jurgen Klopp អស់​តំណែង​នៅ Anfield នោះ Alonso អាច​ពិចារណា​លើ​ឱកាស​នោះ​បាន​ភ្លាមៗ។

គួរ​ឲ្យ​ដឹង​ថា​បុរស​វ័យ ៤១ ឆ្នាំ​ចាប់​ចូល​មក​ដឹកនាំ​ក្លឹប​អាល្លឺម៉ង់​នៅ​ថ្ងៃ​ទី ០៥ ​តុលា ឆ្នាំ ២០២២ ជាមួយ​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦។ នេះ​ពេលវេលា​ដឹកនាំ​រដូវ​កាល​ថ្មី ឆ្លង​កាត់ ១០ ប្រកួត ក៏​ឈ្នះ​ដល់​ទៅ ៩ លើក ស្មើ ១ ចាញ់ ០ ពោល​មិន​ទាន់​ស្គាល់​បរាជ័យ​នៅ​ឡើយ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]