ខ្សែបម្រើឆ្នើមព័រទុយហ្គាល់ Bruno Fernandes នៅទីផ្សារដោះដូររដូវរងាខាងមុខ ថាមិនត្រូវអាចមានការផ្ទេរដ៏ភ្ញាក់ផ្អើលណាមួយកើតឡើង ដ្បិតពេលចុងក្រោយគេក៏ទទួលបានសំណើលុយយក្សពីក្លឹបអ្នកមាននៅអារ៉ាប៊ីសាអូឌីតផងដែរ។
ជាការពិតរយៈពេលចុងក្រោយ ក្រៅតែពីមិត្តរួមសញ្ជាតិ Cristiano Ronaldo មួយទៀតសោតនោះក៏រួមមាន Karim Benzema, Neymar Jr និង Riyad Mahrez ជាដើមផងដែរ បានចាកចេញពីអឺរ៉ុបផ្លាស់ទៅក្លឹបនៅប៉ែកមជ្ឈិមបូព៌ា។ ទោះខ្លះរាងធ្លាក់ឈ្មោះ តែកុំមើលប្រាក់ចំណូលពួកគេ ទទួលបាន គុណជា ៤ ជា ៥ ធៀបនឹងការរកបាននៅក្លឹបចាស់។
បើតាមសារព័ត៌មានអ៊ីតាលី រាយការណ៍ដោយលោក Rudy Galetti ចុះផ្សាយ បុរសវ័យ ២៩ ឆ្នាំ កំពុងស្ថិតក្នុងក្រសែភ្នែកក្លឹបនៅ SPL ហើយតាមផែនការណ៍អាចចុះហត្ថលេខាយកពេញថ្លៃនៅរដូវក្តៅ តែរដូវរងាក៏នឹងរង្គើចិត្តបណ្តើរទៅតាមនោះ ក្នុងលក្ខខណ្ឌវាអាចកើតឡើង។ រវាងក្លឹបធំៗដែលមានសម្ព័ន្ធយក្ស PIF នៅពីក្រោយ អាចជា Al Nassr, Al Hilal, Al Ittihad និង Al Ahli ជាដើម។
គួរឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធខាងលើ រាប់ថាលេចធ្លោបំផុតហើយ អំពីការចូលរួមចំណែកគ្រាប់បាល់ ចាប់តាំងការផ្ទេរមកចូលរួមរបស់គេនៅ Old Trafford នារដូវរងា ឆ្នាំ ២០២០។ សរុបស្ថិតិ ២០០ ប្រកួត ក៏រកបាន ៦៧ គ្រាប់និង Assist ៥៧ លើកផងដែរ ខណៈគ្រាប់បាល់ចុងក្រោយកើតឡើងនៅការយក ៣ ពិន្ទុពី Fulham៕