មុនការប្រកួតនៅពានរង្វាន់ UEFA Champions League ដែល Lazio ត្រូវប៉ះ Feyenoord នាវេលាទៀបភ្លឺ ឈានចូលថ្ងៃពុធនេះ អ្នកចាត់ការលោក Maurizio Sarri ក៏បានបង្ហើបនូវចេតនាចង់ចូលនិវត្តពីអាជីពអ្នកចាត់ការបាល់ទាត់ ជាមួយក្លឹបដឹកនាំបច្ចុប្បន្ននេះតែម្តង បើទោះបីមានការធ្លាក់ចុះពេលចុងក្រោយ។
ដូចបានឃើញនៅលីគកំពូលអ៊ីតាលី Lazio ធ្វើអត់បានល្អទេ ឆ្លងកាត់ ១១ ជុំ ធ្លាក់ទៅឈរលេខ ១០ ឈ្នះ ៥ ស្មើ ១ ចាញ់ ៥ មានតែ ១៦ ពិន្ទុ។ នេះគេពិតជាពិបាកប្រជែងក្នុងការលោតទៅតំណែង Top 6 ដើម្បីទទួលបានកៅអីពានអឺរ៉ុបដូចមុន។
ក៏ប៉ុន្តែគ្រូសញ្ជាតិអ៊ីតាលី បានបង្ហាញចំណាប់អារម្មណ៍បែបនេះ៖ “ខ្ញុំអត់មានបញ្ហាអីទេ ហើយក៏ចង់បញ្ចប់អាជីពរបស់ខ្ញុំនៅទីនេះដែរ ជារួមទៅការចាប់ផ្តើមរដូវកាលដ៏វីវក់សារនេះ មិនបានផ្លាស់ប្តូរគំនិតខ្ញុំឡើយ”។
លោកបន្ត៖ “ប្រកួត [ទល់ Feyenoord] គឺសំខាន់ខ្លាំងណាស់ ត្រង់ការបរាជ័យថ្ងៃមុននៅដីហូឡង់ ដាក់សម្ពាធមកលើយើង យើងត្រូវការប្តេជ្ញាចិត្តខ្ពស់ជាងនេះបន្ថែមទៀតដើម្បីយកឈ្នះ”។ រំឭកដែរថា គ្រូវ័យ ៦៤ ឆ្នាំ នៅសេសសល់កុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៥ ជាមួយ Lazio៕