ប្រធានផ្នែកកីឡារបស់ក្លិប Girona លោក Quique Carcel បានអះអាងថា លោករីករាយក្នុងការស្វាគមន៍ ខ្សែបម្រើ Oriol Romeu ដែលបានផ្លាស់ទៅ Barcelona ត្រលប់មកក្លិបវិញ។
Romeu បានផ្លាស់ទៅ Barcelona អំឡុងទីផ្សាររដូវក្ដៅក្នុងតម្លៃ ៣.៤លានអឺរ៉ូ ប៉ុន្ដែគេរងនូវការរិះគន់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅ ហើយមានការលើកឡើងថា ពេលវេលារបស់គេជាមួយក្លិបអ្នកមានបុណ្យ ហាក់ខ្លីជាងការរំពឹងទុក។
កីឡាករវ័យ៣២ឆ្នាំ ដែលបានចុះកុងត្រាជាមួយ Barca រហូតដល់ឆ្នាំ២០២៥ ត្រូវបានរាយការណ៍ថា ស្ថិតនៅក្នុងការពិចារណាក្នុងការត្រលប់មក ក្លិប Girona វិញ។
ថ្លែងប្រាប់សារព័ត៌មាន AS, លោក Carcel បាននិយាយថា៖ “សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាចង់ ១០០ភាគរយ។ គេបានផ្ដល់ឱ្យយើងនូវរឿងដ៏អស្ចារ្យ។ មានកីឡាករជាច្រើននាក់ បានប្រាប់ខ្ញុំថា គេបានបង្រៀនពួកគេ ពីរបៀបប្រកួតប្រជែង។ តើមានឱកាសឱ្យវាកើតឡើងដែរទេ? វាមិនងាយស្រួលនោះទេ ព្រោះមានពាក់ព័ន្ធនឹងកុងត្រា ប៉ុន្ដែខ្ញុំមើលឃើញថាវាអាចទៅរួច”៕