ខ្សែការពារ Harry Maguire មានអារម្មណ៍ថាគេទទួលបានការតបស្នង ចំពោះការបន្ដរួមរស់ជាមួយក្លិប Manchester United ដោយទទួលបានឱកាសបង្ហាញខ្លួនក្នុងជម្រើស១១នាក់ ឱ្យក្រុមដឹកនាំដោយអ្នកចាត់ការ Erik ten Hag។
Maguire បង្ហាញខ្លួនក្នុងជម្រើសដំបូងលើកទី៥ គិតតាំងពីចាប់ផ្ដើមរដូវកាលមក ក្នុងជ័យជម្នះ ១-០ លើ Luton Town នៅកីឡដ្ឋាន Old Trafford កាលពីថ្ងៃសៅរ៍។
អំឡុងទីផ្សាររដូវក្ដៅ ខ្សែការពារអង់គ្លេសរូបនេះ បានបដិសេធសំណើក្នុងការផ្ទេរទៅចូលរួមក្លិប West Ham ដើម្បីបន្ដរួមរស់នៅ Old Trafford បើទោះបីជាក្លិបបិសាចក្រហម ព្រមទទួលយកសំណើផ្ទេរក៏ដោយ។
ខ្សែការពារកណ្ដាលរូបនេះ បាននិយាយថា៖ “ខ្ញុំលេងបានតិចប្រកួតកាលពីឆ្នាំមុន ខ្ញុំមិនបានលេងច្រើនតាមដែលខ្ញុំគួរទទួលបាននោះទេ។ ខ្ញុំមានតែឱកាសលេងពីរទៅបីប្រកួត ប៉ុន្ដែខ្ញុំមានជំងឺ ហើយមានរបួសពីរលើក ដូច្នេះខ្ញុំមិនអាចលេងទាន់ចង្វាក់លេង បានល្អនោះទេ ដូច្នេះខ្ញុំអាចបង្ហាញអ្វីដែលអាចធ្វើបានសម្រាប់អ្នកចាត់ការ”។
“ខ្ញុំពិតជារីករាយ លេងសម្រាប់ក្លិបមួយនេះ ហើយខ្ញុំមានឆន្ទៈក្នុងការនៅបន្ដដើម្បីប្រជែងយកតំណែងរបស់ខ្ញុំ”៕