ក្លឹបបិសាចក្រហម Manchester United កំពុងចាប់អារម្មណ៍ចង់ដំឡើងថ្លៃឈ្នួលជូន Antoine Griezmann ដល់ ១ គុណជា ៣ ប្រសិនណាគេព្រមរើបង្វិចចាកចេញពីក្លឹបកាន់ឆ្នាំ Atletico Madrid ហើយផ្លាស់មករួមរស់នៅ Old Trafford ក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Erik ten Hag។
នេះបន្ទាប់តែរយៈពេលចុងក្រោយឃើញថា ក្លឹបអង់គ្លេសហាក់ស្ទើរប្រយុទ្ធខាងលើ ជាពិសេស Marcus Rashford ដែលធ្លាប់ជាតួឯកក៏លែងធ្វើបានល្អដូចមុនទៀតដែរ ដូចរដូវកាលនេះទើបតែរកបាន ១ គ្រាប់ឲ្យគត់ជូនក្លឹប។ រីឯ Rasmus Hojlund ក៏មិនទាន់ដល់កម្រិតដែលក្លឹបចង់បានដែរ ជាក់ស្តែងនៅ Premier League មិនទាន់រកបានគ្រាប់នោះទេ។
តាមសារព័ត៌មាន El Nacional ចុះផ្សាយ ក្លឹប United សម្លឹងឃើញគុណភាពម៉ាស៊ីនបញ្ចប់ទីចាស់វស្សាបារាំង ដោយជឿថា Griezmann នឹងអាចមកជួយក្លឹបរបស់ខ្លួនបាន។ ដ្បិតសព្វថ្ងៃនៅ AT រកបានតែមួយឆ្នាំ ៧ លានអឺរ៉ូ ប្រសិនព្រមទម្លាក់ចុងប៊ិចស៊ីញ៉េមកចូលរួម នោះនឹងផ្តល់ជូនប្រាក់ ២១ លានអឺរ៉ូ/ឆ្នាំ ជាតួលេខខ្ពស់កប់ពពក។
គិតជាសប្តាហ៍គេអាចរកបានប្រហែល ៣៥០ ០០០ ផោន ដែលវាជាតួលេខខ្ពស់ដាច់គេមួយនៅ Premier League ធៀបនឹងអ្នកស៊ីថ្លៃបំផុតគឺ Erling Haaland បានលើសនោះតែជិត ៣០ ០០០ ផោនប៉ុណ្ណោះ។ អំពីតម្លៃផ្តាច់កុងត្រា Griezmann អាចឲ្យ United ចាយលុយត្រឹមតែ ២៥ លានអឺរ៉ូប៉ុណ្ណោះ ក្នុងការថ្ពក់គេចេញ តែវាក៏ស៊ីសងលើការសម្រេចចិត្តរបស់កីឡាករផ្ទាល់ផងដែរ ថាព្រមទៅទីនោះឬក៏អត់៕