បន្ទាប់មើលឃើញទម្រង់ដ៏ល្អរបស់យុវជនឆ្នើម Claudio Echeverri នៅ U17 World Cup ក៏មានក្លឹបធំៗនៅតំបន់អឺរ៉ុប ហាក់ដាក់ក្រសែភ្នែកចង់ចរចានាំយក ជាពិសេសក្រោយការស៊ុត Hat-trick របស់គេទល់គីឡូធ្ងន់ប្រេស៊ីលកាលពីសប្តាហ៍កន្លងទៅ។
ចំណោមនោះក៏មានក្លឹប Real Madrid, Atletico Madrid ជាដើម រួមទាំងក្លឹបផ្សេងទៀត Paris Saint-Germain, Manchester City, Juventus, AC Milan, Benfica និង Inter Milan ដែលពេញចិត្តកីឡាករលេងតំណែងបម្រើប្រយុទ្ធខាងលើជាខ្លាំង ជាមួយនឹងតម្លៃផ្តាច់កុងត្រា ៣០ លានអឺរ៉ូ ចេញពីក្លឹបអាណាព្យាបាល River Plate។
យ៉ាងណាតាមសារព័ត៌មាន Diario AS ចុះផ្សាយ ក្លឹបក្រហមស AT Madrid ហាក់មានសង្ឃឹមខ្ពស់ជាងគេ ក្នុងការប្រជែងយក Echeverri។ ក៏ប៉ុន្តែយើងមានតែរង់ចាំមើល ដ្បិតការប្រជែងរវាងភាគីក្លឹបដទៃក៏មិនជារឿងងាយដែរ ជុំវិញការថ្ពក់សម្រេចជើងស៊ុតបាល់ប៉ែកអាមេរិកឡាទីនខាងលើ។
រំឭកដែរថា កីឡាករកម្ពស់ ១,៧១ ម៉ែត្រ បានវិវត្តចេញពីឈុតថ្នាល ឡើងមកឈុតធំ River Plate នៅរដូវក្តៅ ឆ្នាំ ២០២៣។ គេទើបតែបានឈរជើងនៅឈុតធំ ៤ ប្រកួត ក៏ Assist ១ គត់ គ្រាន់តែពេលល្បីខ្លាំង គឺនៅព្រឹត្តិការណ៍ U17 World Cup ដែលអាហ្សង់ទីនត្រូវប៉ះអាល្លឺម៉ង់ នាវគ្គ ៤ ក្រុមចុងក្រោយ រសៀលថ្ងៃទី ២៨ វិច្ឆិកា៕